ភ្នំពេញ៖ កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០៥កន្លងទៅនៅ ទីលានបាល់ទាត់ វិទ្យាល័យច្បារអំពៅបានបើក ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើម ជើងឯក "ពានរង្វាន់បាល់ទាត់មិត្តភាព វ័យចំណាស់កម្ពុជា" លើកទី ១ ឆ្នាំ២០១៥ ដែលផ្តួចផ្តើមគំនិត រៀបចំពីលោក ជុំ កុសល ប្រធានក្រុមបាល់ទាត់ វ័យចំណាស់អាស៊ានកម្ពុជា ក្រោមអធិបតីភាព របស់លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
លោក អ៊ុក សំណាង អ្នកគ្រប់គ្រង ការប្រកួតបានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់ វ័យចំណាស់ មានអាយុ ចាប់ពី ៤០ ឆ្នាំឡើងទៅ ដោយមានការចូលរួម ចំនួន ៤ ក្រុម គឺ ក្រុមកីឡាករអាស៊ាន វ័យចំណាស់, ក្រុមកីឡាករ វ័យចំណាស់ មន្ទីរ អ.យ.ក. រាជធានី, ក្រុមកីឡាករវ័យចំណាស់វិ.ព្រះស៊ីសុវត្ថិ និងក្រុមកីឡាករសមាគមគ្រូវិទ្យាល័យ ច្បារអំពៅ ។ ការប្រកួតធ្វើឡើង ជាលក្ខណៈវិលជុំ ដោយឲ្យទាំង ៤ ក្រុមជួបគ្នាទាំងអស់ ស្វែងរក ២ក្រុមដែលមាន ពិន្ទុច្រើនជាងឡើង ទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមជើងឯកប្រចាំឆ្នាំ។
លោកបានបន្តថា ព្រឹត្តិការណ៍នៃការប្រកួតនេះ ធ្វើឲ្យឡើង ដើម្បីរឹតចំណងសាមគ្គីភាព ពីស្ថាប័នរដ្ឋ និងឯកជន ជាពិសេសនោះ លោកគិតគូរអំពីសុខភាពជាធំ ព្រោះការលេងកីឡា ធ្វើឲ្យយើង ទទួលបានសុខភាពល្អឈ្នះរាល់ ជំងឺផ្សេងៗ ដែលមកយារយី លើរាងកាយមនុស្ស។ សម្រាប់ក្រុមដែលចូលរួមប្រកួត សុទ្ធតែឈ្នះទាំងអស់គ្នាទាំង ពានរង្វាន់ និងសុខភាពផងដែរ។ ចំពោះថ្ងៃបើកឆាកនេះ ក្រុមកីឡាករអាស៊ាន វ័យចំណាស់យកឈ្នះក្រុមកីឡាករ វ័យចំណាស់មន្ទីរ អ.យ.ក. រាជធានី ក្នុងលទ្ធផល ៣ទល់២ រកបាន៣ពិន្ទុមុខគេ ៕