ភ្នំពេញ៖ ប្រតិភូ និងក្រុមកីឡាករ-កីឡាការិនី ក្រុមបាល់ទះ ប៉េតង់ និងក្រុមសីប៉ាក់តាក្រ-ឈិនឡូនកម្ពុជា បានវិលត្រ ឡប់មកដល់ប្រទេសវិញហើយ បន្ទាប់ពីទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាថ្នាក់តំបន់អាស៊ាន SEA Games លើកទី ២៨ នៅប្រទេសសិង្ហបុរី កាលពីព្រលប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្រោមការទទួលស្វាគមន៍ពីរដ្ឋមន្រ្តី២រូបគឺមានលោក ហង្ស ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំង មន្ត្រី ក្រោមឱវាទក្រសួងអប់រំយុវជន និងកីឡាទាំងអស់ ។ មន្ត្រីដឹកនាំអូឡាំពិកកម្ពុជា តំណាងរាជរដ្ឋាភិបាល និងនាយបេសកកម្មកម្ពុជាសម្រាប់ SEA Games គឺលោក វ៉ាត់ ចំរើន បានវិលត្រឡប់នៅជើងចុងក្រោយនេះ បន្ទាប់ពីពិធីបិទការប្រកួតធ្វើឡើងនៅយប់ថ្ងៃទី១៦ ខែមិថុនា នោះ ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ដោយលោកបានចាត់ទុកព្រឹត្តិការណ៍នេះជាជោគជ័យមួយ ទោះបីក្នុងព្រឹត្តិ ការណ៍ SEA Games លើកនេះ កម្ពុជាបានបាត់បង់មេដាយមាសអស់៧គ្រឿងក៏ដោយ ក្រៅពីម្ចាស់ផ្ទះ ប្រទេសណាក៏សុទ្ធតែបាត់បង់មេដាយដូចគ្នាទាំង១១ប្រទេសដែរ ។
ក្រុមបាល់ទះ មិនបានទទួលមេដាយឡើយ តែក្នុងចំណោម ៣ប្រកួតនោះកម្ពុជាឈ្នះបានមួយប្រកួតគឺឈ្នះសិង្ហបុរី ហើយចាញ់ ២ប្រកួត វៀតណាម ០ ទល់ ៣សិត ដោយការប្រកួតចុងក្រោយ កម្ពុជាចាញ់ឥណ្ឌូនេស៊ី ០ ទល់ ៣សិតដែរ ។ សម្រាប់ប្រភេទកីឡាប៉េតង់ដណ្ដើមបានមេដាយប្រាក់៤ និងមេដាយសំរិទ្ធ៥ ចំពោះប្រភេទកីឡាឈិនឡូន វិញនោះកម្ពុជាដណ្ដើមបានមេដាយមាស១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ៕