ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន Global Football Soriya Co.,Ltd បានរៀបចំការប្រកួតបាល់ទាត់ក្នុងសាល (ហ្វូតសាល) មិនមែនអាជីពដែលបានប្រសិទ្ធ នាមថា “GFA Soriya Corporate Fautsal Festival លើកទី៥” កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ នៅទីលានបាល់ទាត់ហ្វូតសាល KB ។
ការប្រកួតក្នុងពាននេះដែរ មាន៦ក្រុមចូលរួមមានដូចជា ក្រុម Toyata ក្រុម Ueda Coffee ក្រុម Ueda Café Bean ក្រុម Soriya All Star ក្រុម YAMAHA និងក្រុម Konkhmer Communication ។
លោក ស៊ីដន អ្នកសម្របសម្រួលនៅលើទីលានបាននិយាយថា ការប្រកួតដណ្តើមពានរង្វាន់ GFA Soriya Corporate Fautsal Festival ធ្វើឡើងសម្រាប់ក្រុមហ៊ុនជប៉ុន នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតភាពសិ្នទ្ធស្នាលរវាងបុគ្គលិក និង ម្ចាស់ក្រុមហ៊ុនជប៉ុននានា ។
អ្វីដែលសំខាន់ក្នុងការប្រកួតនេះ គឺចង់បង្ហាញពីវិស័យបាល់ទាត់ហ្វូតសាលកម្ពុជា ដែលកំពុងទទួលបានការ គាំទ្រពី សំណាក់យុវវ័យ ព្រោះការលេងកីឡាធ្វើឲ្យពួកគាត់មានសុខភាពល្អ និងបង្កើតបាននូវភាពសិ្នទ្ធស្នាល សាមគ្គីភាព និង មិត្តភាពរវាងមនុស្សមួយទៅមនុស្សមួយ ពីប្រទេសមួយទៅប្រទេសមួយទៀត ៕