ភ្នំពេញ៖ ប្រភពព័ត៌មានគួរឲ្យទុកចិត្តពីមន្ដ្រីសហព័ន្ធកីឡា បាល់ទាត់កម្ពុជា បានបង្ហើបឲ្យដឹងថា នៅចុងខែឧសភានេះ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា ដែលជាឈុតត្រៀមចូលរួមប្រកួតកីឡា SEA Games លើកទី ២៨ នៅសិង្ហបុរី និងក្រុមជម្រើសជាតិឈុតធំកម្ពុជា ដែលជាឈុតត្រៀមប្រកួតវគ្គជម្រុះជុំទី២ នៃពានរង្វាន់ World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី នឹងត្រូវបើកទ្វារទទួលស្វាគមន៍ក្រុមជម្រើសជាតិនេប៉ាល់ (Nepal) ដូចគ្នានៅលើវាលស្មៅសិប្ប និម្មិតនៃពហុកីឡដ្ឋានជាតិ ។
នេះគឺជាដំណឹងល្អមួយទៀត សម្រាប់អ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា ដែលកំពុងមានសន្ទុះនៃការគាំទ្រយ៉ាងច្រើនកុះករ ដើម្បីលើកទឹកចិត្ដកីឡាករជាតិ ជាពិសេសគឺការទន្ទឹងរង់ចាំទស្សនាការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើស ជាតិកម្ពុជាតែម្ដង ។
ប្រភពព័ត៌មានខាងលើ បានឲ្យដឹងទៀតថា ការប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិរវាងកម្ពុជា-នេប៉ាល់នេះ នឹងធ្វើឡើង នៅថ្ងៃទី២៦ និងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥នេះ ប៉ុន្ដែមិនបានបញ្ជាក់ថា ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ ឬ ក្រុមឈុតធំនឹងធ្វើការប្រកួតមុននោះទេ គ្រាន់តែដឹងថា ក្រុមទាំងពីរនឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិនេប៉ាល់ ដូចគ្នា ។
សម្រាប់ការប្រកួតនេះ គឺជាការកម្ដៅសាច់ដុំដ៏សំខាន់របស់ក្រុមជម្រើសជាតិទាំងពីរឈុតរបស់កម្ពុជា ក្នុងនោះក្រុម U-23 កម្ពុជា ត្រូវកម្ដៅសាច់ដុំ ត្រៀមចូលរួមក្នុងយុទ្ធនាការប្រកួតកីឡា SEA Games លើកទី២៨ នៅសិង្ហបុរី ដែលនឹង ចាប់ផ្ដើមប្រកួតពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៦ ខែមិថុនាខាងមុខ ខណៈក្រុមឈុតធំកម្ពុជា ក៏ត្រៀមខ្លួនប្រកួតជម្រុះជុំទី២ នៃបាល់ទាត់ពិភពលោក ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១១ មិថុនាខាងមុខផងដែរ ។
សូមបញ្ជាក់ដែរថា នៅរសៀលថ្ងៃទី២២ ខែឧសភានេះ ក្រុម U-23 និងក្រុមឈុតធំកម្ពុជា ត្រូវបានសហព័ន្ធរៀបចំឲ្យ ប្រកួតលក្ខណៈមិត្តភាព នៅលើទីលានបាល់ទាត់ទន្លេបាទី មុននឹងចេញយុទ្ធនាការរៀងៗខ្លួន ។ ប៉ុន្ដែមួយរយៈពេលកន្លងទៅថ្មីៗនេះ ក្រុមទាំងពីរសុទ្ធតែមានឱកាសប្រកួតលក្ខណៈមិត្តភាពជាច្រើនប្រកួតមកហើយ ក្នុងនោះមួយ ប្រកួតចុងក្រោមក្រុម U-23 កម្ពុជា ឈ្នះក្រុម Long An របស់ម្ចាស់ផ្ទះវៀតណាម ក្នុងលទ្ធផល ៣-១ ខណៈក្រុមឈុត ធំកម្ពុជា បានយកឈ្នះលើក្រុមកីឡាករជប៉ុន ដែលប្រកបអាជីពក្នុងលីកបាល់ទាត់កម្ពុជា ដោយលទ្ធផលបច្ចេកទេស ៤-១ ៕
ក្រុមជម្រើសជាតិកម្ពុជា
ក្រុមឈុតតូច U-23 កម្ពុជា
ក្រុមជម្រើសជាតិនេប៉ាល់