ភ្នំពេញ៖ ក្រោយបញ្ចប់យុទ្ធនាការប្រកួតកីឡាការ៉ាតេជ្រើសរើស ជើងឯកអាស៊ាន លើកទី៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី០១-០៥ ខែមេសាម្សិលមិញ ក្រុមអត្តពលិកកម្ពុជា បានវិលត្រឡប់មកដល់ស្រុកកំណើត វិញហើយនៅរសៀលថ្ងៃទី០៦ ខែដដែលនេះ ដោយបាននាំមកជាមួយនូវជ័យលាភីមេដាយសំរិទ្ធិ១គ្រឿង និងមាន មន្ដ្រីកីឡាការ៉ាតេកម្ពុជាម្នាក់គឺលោក ឆាយ គៀក បានប្រឡងជាប់ជាអាជ្ញាកណ្ដាលអន្ដរជាតិក្នុងឱកាសនោះទៀតផង ។
លោក ឆាយ គៀក អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចុះពីលើយន្ដ ហោះថា ក្នុងការទៅចូលរួមប្រកួតព្រឹត្តិការណ៍ប្រចាំតំបន់ឆ្នាំនេះ កម្ពុជាបានបញ្ជូនអត្តពលិកតែ៣រូបប៉ុណ្ណោះទៅប្រកួត គឺមានកីឡាករ ឈឿន ឆេងលីម, សេន សុធារ៉ា និងកីឡាការិនី សំ សុធារ័ត្ន ដែលត្រូវប្រកួតប្រជែងជាមួយអត្តពលិក មកពី៧ប្រទេសផ្សេងទៀតរួមមាន កម្ពុជា ឥណ្ឌូនេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា ម៉ាឡេស៊ី ថៃ វៀតណាម និងម្ចាស់ផ្ទះឡាវ ។
លោកបន្ដថា ឆ្លងកាត់ការប្រកួត៥ថ្ងៃ ក្នុងចំណោមអត្តពលិកទាំង៣រូបរបស់កម្ពុជា មានតែកីឡាករ ឈឿន ឆេងលីម តែប៉ុណ្ណោះ ដែលដណ្ដើមបានមេដាយសំរិទ្ធិ១គ្រឿងជូនប្រទេសជាតិ លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម៥៥គីឡូក្រាម ។
លើសពីនេះរូបលោក ឆាយ គៀក ផ្ទាល់ក៏ទទួលបានលទ្ធផលពិសេសមួយផងដែរ គឺលោកបានប្រឡងជាប់អាជ្ញា កណ្ដាលកីឡាការ៉ាតេអន្ដរជាតិ ដើម្បីត្រៀមខ្លួនចូលរួមកាត់សេចក្ដីក្នុងព្រឹត្តិការណ៍អន្ដរជាតិធំៗនានា ស្របតាមស្ដង់ ដារអាជ្ញាកណ្ដាលពិភពលោកនាពេលខាងមុខ ។
បន្ទាប់ពីបញ្ចប់យុទ្ធនាការលើកនេះលោក ឆាយ គៀក បានមានប្រសាសន៍ថា ការ៉ាតេកម្ពុជាបច្ចុប្បន្នពិតជាមានការ រីកចម្រើន បើទោះបីជាមិនសូវបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិក៏ដោយ ប៉ុន្ដែសម្រាប់ការត្រៀមខ្លួនធ្វើជា ម្ចាស់ផ្ទះកីឡា SEA Games លើកទី៣២ នាឆ្នាំ២០២៣នោះ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បាននឹងកំពុងខិតខំ បណ្ដុះបណ្ដាលធនធានជាច្រើន ដើម្បីចូលរួមប្រកួតដណ្ដើមមេដាយជូនជាតិពីព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់នេះ ៕