ភ្នំពេញ៖ ម្ចាស់ខ្សែក្រវាត់ស្រាបៀរ Black Panther ឆ្នាំ២០១៤ កីឡាករ ឈិន ក្វាន់ង៉ុយ និងកីឡាករចំណូលថ្មី ទេស សំខាន់ ដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ក្នុងរដូវកាលថ្មីរៀងៗខ្លួន បន្ទាប់ពីវាយឈ្នះគូប្រកួតក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (វគ្គ ១/២) ដូចគ្នា នៅលើសង្វៀនប្រដាល់ខេត្តកំពង់ធំ កាលពីថ្ងៃទី០៤ ខែមេសាកន្លងទៅនេះ ។
នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា និងដៃគូឧបត្ថម្ភស្រាបៀរ Black Panther រៀបចំឡើង ដើម្បីផ្សព្វផ្សាយយុទ្ធនាការប្រកួតកីឡា SEA Games លើកទី៣២ ដែលនឹងធ្វើឡើងនៅលើទឹកដីកម្ពុជា នាឆ្នាំ២០២៣ ហើយក៏សំណូមពរឲ្យប្រជាពលរដ្ឋម្នាក់គប្បីហាត់កីឡាឲ្យបានមួយមុខផងដែរ ។ ឆ្នាំ២០១៥នេះ គឺជាលើកទី២ហើយ ដែលគេរៀបចំព្រឹត្តិការណ៍ប្រដាល់ក្បាច់គុនបុរាណខ្មែរនេះឡើង ប៉ុន្ដែគិតត្រឹមចុងសប្ដាហ៍ទី១ នៃខែមេសា ទើបរកជើងជើងខ្លាំង២រូបខាងលើ ដើម្បីត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រនាពេលខាងមុខនៅភ្នំពេញ ។
ចំពោះកីឡាករការពារខ្សែក្រវាត់ ឈិន ក្វាន់ង៉ុន សិស្សគុនក្លឹបម្កុដរាជសីហ៍ ក្នុងការប្រកួតវគ្គ ១/២ ផ្ដាច់ព្រ័ត្រនោះ គេបានប្រើរយៈពេលមិនដល់១ទឹកស្រួលបួលផង ក៏ផ្ដួលគូប្រជែងរបស់ខ្លួនគឺកីឡាករ តក់ សោភ័ណ្ឌ អ្នកប្រដាល់មកពីក្លឹប អេភូថងកីឡា និងជាអតីតជើងឯករងកាលពីរដូវកាលមុន ឲ្យបោះបង់ការប្រកួតតែម្ដង ដោយប្រើស្នៀតទាត់បំបាក់ជន្ទល់ ។ រីឯកីឡាករ ទេស សំខាន់ សិស្សគុនក្លឹបប្រដាល់កងពលតូចលេខ៣១វិញ ក្នុងការប្រកួតដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រដូចគ្នា សំខាន់ បានវាយឈ្នះលើសិស្សច្បង ហ៊ឹម សារ៉ាន់ មកពីក្លឹបខេមរៈភូមិន្ទកីឡាដោយពិន្ទុ ។
ជ័យជំនះខាងលើនេះ បានធ្វើឲ្យកីឡាករទាំងពីរគឺកីឡាករ ឈិន ក្វាន់ង៉ុយ និង ទេស សំខាន់ មានឱកាសឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី០៣ ខែឧសភាខាងមុខ ដែលនឹងធ្វើឡើងនៅលើសង្វៀនប្រដាល់ប៉ុស្ដិ៍លេខ៣ (TV3) ខណៈអ្នកចាញ់ក្នុងការប្រកួតវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ក៏មានឱកាសប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ក្នុងឱកាសនោះដែរ ។ ចាំមើលតើ ឈិន ក្វាន់ង៉ុយ អាចការពារតំណែង ម្ចាស់ខ្សែក្រវាត់ Black Panther បានដូចរដូវកាលមុនឬក៏យ៉ាងណា?
គួបញ្ជាក់ថា សម្រាប់ប្រាក់រង្វាន់កីឡាករជ័យលាភីឆ្នាំនេះ មានដូចជា កីឡាករដែលដណ្ដើមបានជើងឯកលេខ១ នឹងទទួលបានខ្សែក្រវាត់១គ្រឿង អមដោយទឹកប្រាក់២០០០ដុល្លារ និងស្រាបៀរ Black Panter ២០កេស, លេខ២ ទទួលបានទឹកប្រាក់ ១៥០០ដុល្លារ និងស្រាបៀរ ១៥កេស, លេខ៣ទទួលបានប្រាក់រង្វាន់១០០០ដុល្លារ និងស្រាបៀរ Black Panther ១០កេស ហើយអ្នកទាំង៣ (លេខ១-៣) ក៏នឹងទទួលបាននាឡិកាម៉ាក TISSOT ម្នាក់១គ្រឿងដូចគ្នា ខណៈចំណាត់ថ្នាក់លេខ៤ ក៏ទទួលបានប្រាក់រង្វាន់លួងចិត្តចំនួន៥០០ដុល្លារផងដែរ ៕