ក្រុងមែនឆេស្ទើ៖ ក្រុមការពារតំណែងជើងឯក Manchester City រកបាន៣ពិន្ទុក្នុងទឹកដីខ្លួនឯងដោយ ស្រួលក្រោយ ពេលលត់ក្រុមភ្ញៀវ West Bromwich Albions ៣-០ ដាច់មិនឲ្យងើមុខរួចយប់មិញនេះ ស្របពេលដែលគូប្រជែង Arsenal ប៊ិះចាស់ ក្រោយពេល Newcastle United វាយបកបាន១គ្រាប់វិញនៅវគ្គទី២ដោយលទ្ធផល ២-១ ។
ការប្រកួតដែលបានធ្វើឡើងនៅទឹកដីកីឡដ្ឋាន Etihad ក្រុមរបស់លោក Manuel Pellegrini ដូចជាមិនលំបាកនោះ យកឈ្នះនោះទេ ជាមួយនឹងការគ្រប់គ្រងបាល់ស្ទើរតែ១០០ភាគរយទៅហើយ ហើយក៏មិនត្រូវបានកីឡាករ West Brom វាយបកណាមួយគួរឲ្យព្រឺរោមនោះទេ ជាមួយនឹងការរកបាន២គ្រាប់ក្នុងវគ្គទី១នោះពីការធ្វើបានសម្រេចដោយ កីឡាករខ្សែប្រយុទ្ធចំណូលថ្មី Wilfried Bony មកពីក្លឹប Swansea City មុនពេលមិត្តរួមក្រុម Fernando រកបានគ្រាប់ ទី២នៅនាទី៤០ ។
តែយ៉ាងណាក៏ដោយ ក្នុងវគ្គទី២ Man City ក៏នៅបន្តដាក់សម្ពាធមកលើក្រុមភ្ញៀវដដែល ក៏ប៉ុន្តែរកបានតែ១គ្រាប់ទៀត ប៉ុណ្ណោះនៅ នាទី៧៧ ពីការស៊ុតមួយបានសម្រេចដោយខ្សែប្រយុទ្ធជនជាតិអេស្ប៉ាញ David Silva ក្នុងខណៈដែល West Bromwich បានផ្លាស់ប្តូរ លេងក្នុងទម្រង់បិទតាំងពីដើមវគ្គទី១មក ដោយសារកាតក្រហមសមាជិក១រូបគឺខ្សែការ ពារ Gareth McAuley នៅនាទីទី៣ ។
ដូចគ្នានេះដែរយប់នេះក្នុងជើងទី២ ប្រចាំសប្តាហ៍ទី៣០ នៃ Premier League ក្រុមដែលទើបតែជ្រុះចេញពី Champions League ក្នុងវគ្គ១៦ក្រុមចុងក្រោយដូចទៅនឹង Man City និង Chelsea កាំភ្លើងធំ Arsenal ក៏បន្តរកបាន៣ពិន្ទុនៅទឹកដីក្រៅផ្ទះ តែព្រលឹងចុងសក់ខ្លះដែរ នៅពេលដែលក្រុមម្ចាស់ផ្ទះសារិកាព្រៃ Newcastle United ធ្វើ ការវាយបកបាន១គ្រាប់វិញនៅនាទី៤៩ ដើមវគ្គទី២ដោយកីឡាករ Moussa Sissoko ក្រោយពេលដែលខ្សែប្រយុទ្ធ ជនជាតិបារាំង Olivier Giroud ស៊ុតគ្រាប់នាំមុខឲ្យ Arsenal ២គ្រាប់ម្នាក់ឯងនៅនាទី២៤ និង ២៨ ដើម្បីជួយឲ្យកាំភ្លើងធំបន្តកាន់កាប់ តំណែងលេខ៣ជាប់ បើទោះបី Manchester United ឈ្នះម្ចាស់ផ្ទះ Liverpool ម៉ោង ២០:៣០នាទីយប់នេះក៏ដោយ ៕
លទ្ធផល និងកម្មវិធីប្រកួតប្រចាំសប្តាហ៍ទី៣០
តារាងពិន្ទុបណ្តោះអាសន្នប្រចាំសប្តាហ៍ទី៣០