ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥នេះ បានរៀបចំកិច្ច ប្រជុំមួយនៅទីស្នាក់ការរបស់ខ្លួន ដោយមានការចូលរួម ពីសហព័ន្ធកីឡាជាតិចំនួន២២ ដែលមានវត្តមានត្រូវចូលរួម ប្រកួតកីឡា SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរីដើម្បីដោះស្រាយបញ្ហាមួយចំនួនមុននឹងព្រឹត្តិការណ៍ប្រចាំ តំបន់ ដ៏ធំមួយនេះចាប់ផ្ដើមជាផ្លូវការ ។
នៅក្នុងកិច្ចប្រជុំខាងលើលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានលើកយកនូវបញ្ហាសំខាន់ៗចំនួន៦ចំណុចឲ្យ ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ ដែលត្រូវចូលរួមប្រកួតកីឡា SEA Games ចាប់ពីថ្ងៃទី០៥-១៦ ខែមិថុនាខាងមុខត្រូវ អនុវត្តន៍ និងដោះស្រាយ មុនចេញដំណើរទៅប្រទេសសិង្ហបុរី ។ បញ្ហាសំខាន់ៗទាំងនោះរួមមាន សារធាតុដូប៉ា, គ្រឿង ញឿន, ប៉ាស្ព័រ, ការដោះដូរគ្រូបង្វឹក ឬកីឡាករ, ការហ្វឹកហាត់ និងកាលបរិច្ឆេទពេលចេញដំណើរ ។
ទី១: សារធាតុដូប៉ា៖ សហព័ន្ធកីឡាជាតិដែលពាក់ព័ន្ធរួមទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ត្រូវតែស្វែងយល់ឲ្យ បានច្បាស់អំពីសារធាតុដូប៉ា ព្រោះវាជាសារធាតុហាមឃាត់ ហេតុដូច្នេះកីឡាករ-កីឡាការិនីគ្រប់រូបចាប់ពី ពេលនេះ តទៅមិន ត្រូវប្រើប្រាស់ភេសជ្ជៈណា ដែលប៉ូវកម្លាំងនោះទេ ។ ចំពោះករណីឈឺ បើអត្តពលិកណាប្រើប្រាស់ថ្នាំត្រូវកត់ ឈ្មោះថ្នាំនោះឲ្យអូឡាំពិកដើម្បីបានរាយការណ៍ប្រាប់ភាគីម្ចាស់ផ្ទះ ក៏ដូចជាគណៈកម្មការរៀបចំការប្រកួតដើម្បីចៀស វាងការពិន័យផ្សេងៗ ។
ទី២: គ្រឿងញៀន៖ នៅប្រទេសសិង្ហបុរី ច្បាប់គេតឹងតែងណាស់ ករណីដែលរកឃើញជនណាមានប្រើប្រាស់គ្រឿង ញឿនច្បាប់គេគឺប្រហារជីវិតតែម្ដង ដូច្នេះចូរកីឡាករ-កីឡាការិនីកកម្ពុជាគ្រប់រូបចៀសវាងឲ្យផុតកុំឲ្យមានបញ្ហានេះ កើតឡើងឲ្យសោះ ។
ទី៣: ប៉ាស្ព័រ៖ ទាំងគ្រូបង្វឹក និងអត្ដពលិកគ្រប់សហព័ន្ធ ត្រូវត្រួតពិនិត្យឡើងវិញរាល់លិខិតឆ្លងដែន ព្រោះវាក៏ជាកត្តា នាំឲ្យមានការយឺតយ៉ាវចេញទៅប្រកួតផងដែរ ។
ទី៤: ការដោះដូរគ្រូបង្វឹក ឬកីឡាករ និងកីឡាករិនី៖ រាល់ការផ្លាស់ប្ដូរថ្នាក់ដឹកនាំ គ្រូបង្វឹក ឬជំនួសកីឡាករថ្មីសហព័ន្ធ សាមី ត្រូវរាយការណ៍មក NOCC ដើម្បីបានព័ត៌មានច្បាស់លាស់ មុនពេលបញ្ជូនឈ្មោះទៅប្រទេសនៅសិង្ហបុរី ។
ទី៥: ការហ្វឹកហាត់៖ អត្តពលិកគ្រប់រូប ត្រូវយកចិត្តទុកដាក់ហ្វឹកហាត់បំផុត ហើយចាប់ពីពេលនេះ រហូតដល់ពេល ប្រកួតលើកលែងតែក្នុងឱកាសចូលឆ្នាំថ្មីប៉ុណ្ណោះ គឺអត្តពលិកជម្រើសជាតិ មិនអនុញ្ញាតឲ្យទៅណា ឆ្ងាយឡើយត្រូវ ហ្វឹកហាត់ ទៅតាមពេលវេលាកំណត់ ហើយក៏មិនអនុញ្ញាតហូបចុកអ្វីផ្ដេសផ្ដាស់ដែរ ។
ទី៦: កាលបរិច្ចេទចេញដំណើរ៖ NOCC បានទទួលកម្មវិធីប្រកួត ហេតុនេះសហព័ន្ធ នីមួយៗត្រូវរៀបចំ ខ្លួនឲ្យរួចជា ស្រេចដើម្បីចេញទៅប្រកួតតាមការកំណត់ ឬក៏អាចចេញទៅហាត់សមមុន ប៉ុន្ដែនឹងចេញដំណើរក៏នឹងមានពិធីសំណេះ សំណាលពីសំណាក់មន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ ៕