ភ្នំពេញ៖ អុក គឺជាកីឡាមួយប្រភេទ ដែលមានដើមកំណើតតាំង ពីយូរលង់ណាស់មកហើយ ប៉ុន្ដែមកទល់នឹងបច្ចុប្បន្ន មានអ្នកស្រាវជ្រាវជាច្រើននៅមិនទាន់មានអំណះអំណះអំណាងពិតប្រាកដ ១០០ភាគរយថា «អុក» មានដើមកំណើត មកពីប្រទេសណានោះទេ ដោយអ្នកខ្លះថាមកពីឥណ្ឌា ប៉ុន្ដែមានអ្នកស្រាវជ្រាវអំពីអុកខ្មែរម្នាក់គឺលោក មាស ញ៉ាន បាន បញ្ជាក់ថា «អុក» អាចមានក្នុងស្រុកខ្មែរមុននឹងឥណ្ឌាចូលមកដល់ ។
លោក មាស ញ៉ាន បានថ្លែងក្នុងសន្និសីទ ស្ដីពីការប្រកួតកីឡាអុកចត្រង្គ អបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ ២០១៥ កាលពីល្ងាចថ្ងៃទី១៧ ខែមីនាម្សិលមិញថា បច្ចុប្បន្ន អុក បានក្លាយជាល្បែងមួយប្រភេទដែលអាចជួយ បង្កើនគំនិតប្រាជ្ញាឲ្យអ្នកលេង ហើយក៏អាចធ្វើឲ្យអ្នកលេងងប់ងុលភ្លេចប្រពន្ធ-កូនផងដែរ ។ ប៉ុន្ដែកាលពីសម័យ មុនអុកត្រូវបានគេនិយមលេងក្នុងជួរកងទ័ព ដើម្បីស្វែងយល់អំពីក្បួនយុទ្ធសាស្ដ្របញ្ជាទ័ព លើសមរភូមិនាសម័យ សង្គ្រាមរហូតដល់មានចម្លាក់ជាច្រើន ត្រូវបានបុព្វបុរសខ្មែរ ឆ្លាស់នៅលើផ្ទាំងសិសានៃប្រាសាទបុរាណជាច្រើនទៀត ផង ។
លោកបន្ដថា «មានមតិមួយចំនួនបាននាំគ្នាលើកឡើងថា អុកមានប្រភពមកពីប្រទេសឥណ្ឌា ប៉ុន្ដែបើតាមការស្រាវជ្រាវ របស់ខ្ញុំ អុក អាចមាននៅខ្មែរ តាំងពីឥណ្ឌាមិនទាន់ចូលមកខ្មែរម្ល៉េះ គ្រាន់តែក្បួនលេងមានការរីកចម្រើន ទើបធ្វើឲ្យមាន ការផ្លាស់ប្ដូរស្រដៀងគ្នា ប៉ុន្ដែបើយោងទៅលើ ចម្លាក់តាមជញ្ជាំង ប្រាសាទបុរាណខ្មែរ រួមមានប្រាសាទអង្គរ បាយ័ន បាពួន និងទីលានប្រជល់ដំរី សុទ្ធតែមានចម្លាក់អុក ដែលបុព្វបុរសខ្មែរបានឆ្លាក់យ៉ាងច្រើនដែលនេះបញ្ជាក់ឲ្យ ឃើញ ថាអុកមាននៅខ្មែរតាំងពីមុនសម័យអង្គរម្ល៉េះ» ។
ក្នុងនាមជាអ្នកស្រាវជ្រាវអំពីអុកខ្មែរ លោកបានបន្ថែមថា អុក ជាក្បួនខ្នាតបង្វឹកហាត់ផ្លូវចិត្តមនុស្សឲ្យរឹងមាំ ពោរពេញ ដោយទេពកោសល្យ ហើយក៏អាចប្រើអាកប្បកិរិយាឌឺដងផ្លែផ្កាបំបាក់ស្មារតីគូសត្រូវឲ្យចុះញ៉មផងដែរ ។ កីឡាករលេង អុកត្រូវមានទស្សនៈដូច ឬប្រហាក់ប្រហែលគ្នា ទើបអាចលេងជាក្រុមបាន ព្រោះអុកត្រូវការប្រើគំនិតច្រើនខ្លាំងណាស់ ប៉ុន្ដែបច្ចុប្បន្នខុសពីសម័យ ដែលគេច្រើនលេងម្នាក់ទល់នឹងម្នាក់ រីឯកាលពីសម័យបុរាណ គេច្រើនតែលេងជាក្រុមគឺ លេងបណ្ដាក់គ្នា ។
លោកបានមានប្រសាសន៍ថា «ល្បែងអុក គឺជាក្បួនខ្នាតនៃការគ្រប់គ្រងរដ្ឋមួយ ព្រោះការលេងអុកត្រូវការប្រើគណិត សាស្ដ្រលឿន ប៉ុន្ដែត្រូវឈរនៅលើទស្សនៈវិស័យដ៏ច្បាស់លាស់បំផុត ដើម្បីបញ្ជាទ័ពដូចទៅនឹងការបញ្ជាទ័ពក្នុងពេល ធ្វើសង្គ្រាមជាដើម» ។
ប៉ុន្ដែលោក មាស ញ៉ាន មិនបានបញ្ជាក់អំពីដើមកំណើតពិតប្រាកដនៃកីឡា «អុក» នោះទេដោយគ្រាន់តែថា អុក ជា ល្បែងមួយប្រភេទ ដែលជាអរិយធម៌របស់ខ្មែរ ដោយសំអាងតាមការស្រាវជ្រាវទៅលើចម្លាក់ តាមជញ្ជាំងប្រាសាទ បុរាណខ្មែរ ដូចមានរៀបរាប់ខាងលើ ។ ប៉ុន្ដែនៅថ្ងៃអនាគត លោកបានប្ដេជ្ញាចិត្តថា នឹងខិតខំស្រាវជ្រាវបន្ថែមដើម្បី បញ្ជាក់ពីប្រវត្តិពិតប្រាកដនៃកីឡាអុក ក៏ដូចជាក្បួនច្បាប់នៃការប្រកួតកីឡាអុកផងដែរ ៕