ភ្នំពេញ៖ វិញ្ញាបនប័ត្រ សម្គាល់អចលនវត្ថុ (ប្លង់ដី) របស់ទីស្នាក់ការចាស់ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) កាលពីពេលថ្មីៗកន្លងទៅនេះ ត្រូវបានមន្ដ្រីទទួលបន្ទុកអះអាងថា បានបាត់ទៅហើយ ប៉ុន្ដែមិនដឹងអំពី មូលហេតុអ្វីទេ ទើបបណ្ដាលឲ្យបាត់ប្លង់ដី នោះដូច្នេះ ។
អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ប័ណ្ណសម្គាល់ចលនវត្ថុ ពោលគឺប្លង់ដី របស់ទីស្នាក់ការចាស់ NOCC នោះពិតជាបានបាត់មែន ប៉ុន្ដែមិនដឹងជាបាត់ តាំងពីពេលណានោះទេ ។ ប្លង់នោះមានលេខសម្គាល់ ១២០១០៣០៤-០០៤៩ ដែលមានអស័យដ្ឋាន នៅភូមិលេខ៤ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន (ជិតសាលាព្រះយុគន្ធរ) មានទំហំ ៤៧៣ ម៉ែត្រក្រឡា ។
ក្រោយទទួលបានដំណឹង នៃការបាត់ខាងលើ លោក វ៉ាត់ ចំរើន ក៏បានធ្វើការអំពាវនាវភ្លាមៗ ដើម្បីស្វែងរកប្លង់ដី ទីស្នាក់ការចាស់របស់ខ្លួន បើបងប្អូនប្រជាពលរដ្ឋណាឃើញ ឬរើសបាន ពេលយកមកប្រគល់ ឲ្យគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាវិញ លោកនឹងជូនជាសាគុន ដ៏សមរម្យវិញផងដែរ ។
ប៉ុន្ដែដោយគ្មានសង្ឃឹមនឹងរកឃើញ ពេលនេះលោក វ៉ាត់ ចំរើន កំពុងស្វែងរក អាជ្ញាធរមានសមត្ថកិច្ច ជួយអន្ដរាគមន៍ពីបញ្ហានេះ ដើម្បីទទួលបាន ភាពស្របច្បាប់ តាមរយៈការស្នើសុំ ធ្វើប្លង់ដីថ្មីឡើងវិញ ព្រោះអតីតទីស្នាក់ការចាស់នោះ ត្រូវការប្លង់ដី ជាចាំបាច់បំផុត ដើម្បីសុំច្បាប់អនុញ្ញាត សាងសង់ថ្មី ធ្វើជាកន្លែង បម្រើផលប្រយោជន៍វិស័យកីឡាមួយផ្នែកទៀត ។
មន្ដ្រីទទួលបន្ទុករៀបចំឯកសារពាក់ព័ន្ធនៃ NOCC លោក លន់ សាមឌី បានបញ្ជាក់ថា ការបាត់ប្លង់ដីទីស្នាក់ការចាស់ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជានោះ អាចបណ្ដាលមកពីការរុះរើសដឹកជញ្ជូនសម្ភារៈ ការិយាល័យ និងសម្ភារៈកីឡា រួមមានតុ កៅអី ឯកសារ និងសម្ភារៈមួយចំនួនទៀត ទៅកាន់ទីស្នាក់ការថ្មីនៃ NOCC កាលពីដើមឆ្នាំ២០១៣ ទើបធ្វើឲ្យបាត់ដូច្នេះ ។
លោកបានបន្ដថា ការបាត់នោះមន្ដ្រី NOCC បានព្យាយាម ស្វែងរកគ្រប់មជ្ឈដ្ឋាន ដែលធ្លាប់មានទំនាក់ទំនង នឹងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ប៉ុន្ដែនៅតែរកមិនឃើញ ។ ហេតុនេះ មានតែប្រជាពលរដ្ឋប៉ុណ្ណោះ បើរើសបាន សុំមេត្តាយកមកប្រគល់ជូន គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាវិញផង ព្រោះវាមានសារៈប្រយោជន៍ ខ្លាំងណាស់ ដើម្បីរួមចំណែក អភិវឌ្ឍន៍វិស័យកីឡាជាតិ បើបានវា យើងនឹងរៀបចំកសាង អាគារចាស់នោះជាថ្មី ។ សម្រាប់អ្នករកឃើញ ឬរើសបាន ហើយយកប្រគល់ឲ្យ NOCC នឹងទទួលបានរង្វាន់ ជាទីគាប់ចិត្តពីថ្នាក់ដឹកនាំ ៕
លោក លន់ សាមឌី មន្រ្តីទទួលបន្ទុករៀបចំឯកសាររបស់ NOCC