ភ្នំពេញ៖ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៥ បានដឹកនាំមន្ដ្រីរបស់ខ្លួនជាច្រើនរូប ទៅគោរពវិញ្ញាណក្ខន្ធលោក ឈួន ឡេង សមាជិកប្រតិបត្តិ របស់អូឡាំពិកនិងជាអគ្គលេខាធិការ សហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជា ដែលលោកទើប ទទួលមរណភាព កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមីនាម្សិលមិញនេះ ។
រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាថ្នាក់ដឹកនាំស្ថាប័នកីឡាក្នុងប្រទេសកម្ពុជាលោក ថោង ខុន បានសម្ដែង ការសោក ស្ដាយយ៉ាងខ្លាំង បន្ទាប់ពីបាត់បង់ព្រឹទ្ធាចារ្យកីឡាមួយរូបទៀតគឺលោក ឈួន ឡេង ខណៈលោក ហែម ថុន អគ្គលេខា ធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទើបទទួលមរណភាពកាលពីចុងឆ្នាំ២០១៤កន្លងទៅនោះ ។
ការបាត់បង់ថ្នាក់ដឹកនាំកីឡាជើងចាស់ផ្ទួនៗបែបនេះលោក ថោង ខុន រួមទាំងមន្ដ្រីអូឡាំពិក និងស្ថាប័នកីឡាជាតិ ទាំងអស់បានកើតទុក្ខយ៉ាងក្រៀមក្រំបំផុត ដោយសារវាជារឿងស្ទើរមួយគួរឲ្យជឿ ព្រោះថាលោក ឈួន ឡេង គឺជា អ្នកស្នេហា វិស័យកីឡាម្នាក់ដែលមានឆន្ទៈជួយអភិវឌ្ឍន៍វិស័យកីឡាជាតិឲ្យរីកចម្រើនតាំងពីទសវត្សរ៍ទី៧០មកម្ល៉េះ ។
ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនេះដែរលោក ថោង ខុន ក៏បាននាំអំណោយមួយចំនួន ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារ នៃសពលោក ឈួន ឡេង ដែលមានលោកស្រី ញ៉ែម ប៉ព្រាង ជាភរិយា និងកូន-ចៅរបស់លោក ឈួន ឡេង ផងដែរ ។
គួរបញ្ជាក់ថា លោក ឈួន ឡេង បានទទួលមរណភាព កាលពីវេលាម៉ោង ១២ និង ១៥នាទី ឈានចូលថ្ងៃទី០៤ ខែ មីនា ម្សិលមិញ នៅមន្ទីពេទ្រកាល់ម៉ែត្រ ដោយរោគាពាធក្នុងជន្មាយុ៦៦ឆ្នាំ ៕