ក្រុងឡុងដ៍៖ ក្រុមដែលកំពុងតែកាន់កាប់តំណែងកំពូល តារាង Premier League តោខៀវ Chelsea បានកៅឆាយពានលំដាប់ទី៣ អង់គ្លេស Capital One Cup (League Cup) ១ហើយ បន្ទាប់ពីបំបាក់គូប្រជែង មាន់ខ្នាយមាស Tottenham Hotspur ដោយលទ្ធផលបច្ចេកទេស ២-០ នៅវគ្គផ្តាច់ព្រ័ត្រ ហើយនេះក៏ជាពានលើកទី៥ផងដែរដែល Chelsea ឈ្នះ ។
ក្នុងជំនួបដ៏ស្វិតស្វាញដែលធ្វើឡើង នៅកីឡដ្ឋានវ័យចំណាស់ជាងគេ Wembley យប់មិញនេះ ក្រុមដែលកំពុងដឹកនាំដោយលោក Jose Mourinho បានបិទជាប់មិនរបូតសូម្បី១គ្រាប់សោះ ដែលបំពេញតួនាទី បានយ៉ាងល្អពីសំណាក់ខ្សែការពារ Ivanovic, Gary Cahill និងប្រធានក្រុម John Terry ជាមួយនឹងការវាយបក និងសម្រុកបាន២គ្រាប់ដោយស្រួលទៀតផង ពីការធ្វើបានសម្រេចគ្រាប់ទី១ ដោយ John Terry នៅនាទី៤៥ ។
យ៉ាងណាក៏ដោយ ការប្រកួតទាំងស្រុង មានគម្លាតដាច់គ្នាជាខ្លាំង នៅក្រោយពេលដែលកីឡាករ ខ្សែប្រយុទ្ធចំណូលថ្មី Diego Costa បានស៊ុត ១ជើងឆ្វេងពីខាងឆ្វេង Goal ចូលទីយ៉ាងស្អាតនៅនាទី៥៦ បញ្ចប់នូវមហិច្ឆតាក្រុម Spurs ដែលចង់លើកពានទី៣នេះ បន្តផុតរលត់ទៀត ។
សូមបញ្ជាក់ថា នេះជាពានទី១ហើយ សម្រាប់គូ្របង្វឹកជនជាតិ ព័រទុយហ្គាល់ Jose Mourinho បន្ទាប់ពីចាកចេញពីការដឹកនាំ ក្លឹបស្តេចស Real Madrid របស់អេស្ប៉ាញកាលពីពាក់កណ្តាលឆ្នាំ ២០១៣រួចមក និងអាចឈ្នះពាន Premier League នារដូវកាល នេះទៀត ប្រសិនបើបន្តទម្រង់ លេងល្អបែបនេះរហូតដល់បញ្ចប់នៃរដូវកាលឆ្នាំ២០១៤-២០១៥នេះ ខណៈដែលពាន Champions League កំពុងស្ថិតក្នុងភាពមិនច្បាស់ ក្រោយពេលលេងបានស្មើ ១-១ ក្នុងទឹកដីរបស់ក្រុម ជើងឯកបារាំង Paris Saint-Germain (PSG) ក្នុងជើងទី១ នៃវគ្គ១៦ក្រុមចុងក្រោយ ៕