Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ជម្រើសជាតិកម្ពុជា បំបាក់សិង្ហបុរី ៣-០ មុន ប៉ះជម្រើសជាតិម៉ាកាវ ក្នុងវគ្គជម្រុះ World Cup (Video Inside)

$
0
0

ភ្នំពេញ៖ គ្រូបង្វឹកជនជាតិកូរ៉េលោក Lee Tae Hoon ចាប់ ផ្ដើមមានទឹកមាត់លេបវិញហើយ ក្រោយកូនក្រុមរបស់ ខ្លួន គឺក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបំបាក់ក្រុមភ្ញៀវ Singapore Selection Team មកពីប្រទេសសិង្ហបុរី ក្នុងលទ្ធផលបច្ចេកទេស ៣-០ ដាច់ ។

ជំនួបមិត្តភាពលក្ខណៈអន្ដរជាតិខាងលើ បានធ្វើឡើងនៅលើទីលានបាល់ទាត់ខេត្តស្វាយរៀង កាលពីព្រលប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ម្សិលមិញ ដោយទទួលបានការចូលរួមទស្សនាយ៉ាងច្រើន កុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទីនោះ ក៏ដូចជាអ្នកគាំទ្រផ្សេងៗទៀតផងដែរ ។

លទ្ធផលដ៏ល្អប្រសើរនេះ គឺជាប្រផ្នូលដ៏ល្អ សម្រាប់ដំណើរឆ្ពោះទៅទីក្រុងនៃប្រទេសម៉ាកាវ ដើម្បីធ្វើការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០១៨ ជាមួយនឹងក្រុមជម្រើសជាតិម្ចាស់ផ្ទះម៉ាកាវ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៥ខាងមុខ ។

កីឡាករដែលជួយឲ្យក្រុមជម្រើសជាតិកម្ពុជា ស្ដារមុខមាត់បានវិញ បន្ទាប់ពីប្រកួតចាញ់ក្រុមបាល់ទាត់លំដាប់លីកទី៣ របស់កូរ៉េ ៥-២ កាលពីដើមខែកុម្ភៈកន្លងទៅ ហើយបានបំបាក់ក្រុមសិង្ហបុរី មិនឲ្យតដៃរួចនាពេលនេះ គឺមានខ្សែប្រយុទ្ធមកពីក្លឹបខេត្តស្វាយរៀង និងជាម្ចាស់ស្បែកជើងមាសពាន Hun Sen-Cup ឆ្នាំ២០១៥ គឺកីឡាករ ប្រាក់ មុន្នីឧត្តម រកបាន២គ្រាប់ នៅនាទីទី៨ និងនាទីទី៣៩ រួមជាមួយនឹងមិត្តរួមក្រុមកីឡាករ ប្រធានក្រុមជម្រើសជាតិ ឃួន ឡាបូរ៉ាវី មកពីក្លឹបបឹងកេតអង្គរ រកបាន១គ្រាប់នៅនាទី២៨ ។

ការប្រកួតនេះដែរ គឺមានសារៈប្រយោជន៍ណាស់ សម្រាប់លោក Lee ដើម្បីធ្វើតេស្ដសមត្ថភាពកីឡាករជម្រើសជាតិកម្ពុជា និងជម្រុះកីឡាករមួយចំនួន ត្រៀមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗ ជាពិសេសគឺការប្រកួតជម្រុះពានរង្វាន់ FIFA World Cup ឆ្នាំ២០១៨ ក្នុងតំបន់អាស៊ី និងការត្រៀមយុទ្ធនាការប្រកួតកីឡា SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរីនាពេលខាងមុខផងដែរ ។

គិតត្រឹមមកដល់ពេលនេះលោក Lee នៅមិនទាន់ជម្រុះកីឡាករនោះទេ ពោលគឺឈ្មោះកីឡាករក្នុងបញ្ជីជម្រើសជាតិមានរហូតដល់ទៅ ៣៣នាក់នៅឡើយ ។ ប៉ុន្ដែឆ្លងកាត់ការប្រកួតមួយរយៈពេលកន្លងមក ទាំងជួបក្លឹបហ្វាសុធ មកពីប្រទេសកូរ៉េ និងប៉ះក្រុម Singapore Selection Team នេះក្ដី គេជឿជាក់ថាលោក Lee នឹងពន្លឿនជម្រុះកីឡាករ ដែលមានសមត្ថភាពចំនួន២៣នាក់ សម្រាប់ធ្វើការហ្វឹកហាត់ ម្យ៉ាងការប្រកួតជម្រុះពាន រង្វាន់ World Cup ជាមួយក្រុមជម្រើសជាតិម៉ាកាវនោះ ក៏ខិតជិតនឹងចូលមកដល់ផងដែរ ។ ចាំមើល តើក្រុមឈុតធំកម្ពុជា អាចយកឈ្នះក្រុមជម្រើស ជាតិម៉ាកាវដូចបំបាក់ក្រុមសិង្ហបុរីពេលនេះដែរឬទេ?

វីដេអូសម្រាប់វគ្គទី១ និងបំប៉ោងសំណាញ់ទីទាំង៣គ្រាប់


Viewing all articles
Browse latest Browse all 4895

Trending Articles