ភ្នំពេញ៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា បានជួបសំណេះសំណាល ជាមួយក្រុមកីឡាករ ទ្រីយ៉ាត្លុង (ហែលទឹក-រត់ និង ជិះកង់) កីឡាករ-កីឡាការិនី សីប៉ាក់តាក្រ មុនពេលចេញ ទៅហ្វឹកហាត់ នៅប្រទេសមីយ៉ាន់ម៉ា និងថៃត្រៀម SEA Games ទី២៨ នៅប្រទេសសិង្ហបុរី នាល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ម្សិលមិញនេះ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ។
ក្នុងឱកាសនោះដែរលោក ប៊ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា សម្រាប់កីឡាការិនីសីប៉ាក់តាក្រ មានចំនួន ៨នាក់ និងអមដោយគ្រូបង្វឹក គ្រូជំនួយ និងអនុរក្សផងនោះ បានចេញដំណើរទៅ ហ្វឹកហាត់ នៅខេត្តស៊ីសាកេត ប្រទេសថៃ ជាមួយនឹងការស្នាក់នៅ និងហូបចុក ខាងថៃ ជាអ្នករៀបចំ ខណៈកម្ពុជារ៉ាប់រងតែការ ធ្វើដំណើរដោយខ្លួនឯងប៉ុណ្ណោះ ។ ការហ្វឹកហាត់នេះ គឺចាប់ផ្ដើមពីថ្ងៃទី០១ ខែមីនា ដល់ថ្ងៃទី១៥មេសា ឆ្នាំ២០១៥ ទើបត្រឡប់មកវិញ ។
សម្រាប់កីឡាករសីប៉ាក់តាក្រវិញក៏មាន៨នាក់ដូចគ្នា អមដោយគ្រូជំនួយ ជម្រើសជាតិម្នាក់ និងអនុរក្សម្នាក់ហាត់ នៅប្រទេសមីយ៉ាន់ម៉ា រយៈពេល ២ខែ ២៥ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ខែមីនាដល់ថ្ងៃទី២៥ ខែឱសភា ឆ្នាំ២០១៥ទើបត្រឡប់មក វិញ ។ មីយ៉ាន់ម៉ាទទួលជួយលើការហូបចុក និងស្នាក់នៅ ស្របពេលដែលប្រភេទ កីឡាទ្រីយ៉ាត្លុង មានកីឡាករ ៤នាក់ គ្រូជម្រើសជាតិម្នាក់ និងអនុរក្សម្នាក់ ធ្វើការហ្វឹកហាត់រយៈពេល ១ខែ នៅខេត្តរ៉ាក់យ៉ង រាជាណាចក្រថៃដែរ ។
អ្នកស្រី សូ រ៉ាន់ដេត គ្រូបង្វឹកជម្រើសជាតិបានឲ្យដឹងថា ជាមួយនឹងការហ្វឹកហាត់នោះ កីឡាកររបស់កម្ពុជា នឹងចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ FML នៅប្រទេសថៃតែម្ដង ។ ការប្រកួតនោះ អ្នកស្រីមិនបានដឹងថា តើមានប៉ុន្មានប្រទេស ចូលរួមនោះឡើយ ៕