ក្រុងឡុងដ៍៖ ក្រុមដែលកំពុងឈរនៅតំណែងលេខ៣នៃ Premier League របស់អង់គ្លេសកាំភ្លើងធំ Arsenal គឺគ្មានអ្វីត្រូវព្រួយនោះឡើយពេលជួបក្រុមមកពីបារាំង AS Monaco ក្នុង Champions យប់នេះ ខណៈដែលកីឡាករឆ្នើមៗ មួយចំនួនត្រឡប់មកសភាពដើមវិញហើយនោះ ស្របពេលដែលម្ចាស់ផ្ទះ Bayer Leverkusen ជួបក្រុមភ្ញៀវ Atletico Madrid នៅម៉ោងដូចគ្នាដែរ ។
ការប្រកួតដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Emirate នាម៉ោង ២:៤៥នាទីរំលងអធ្រាត្រ (ម៉ោងនៅកម្ពុជា) នឹងក្លាយ ជាជំនួបដ៏ធំមួយរបស់អ្នកចាត់ការ Arsene Wenger ក្នុងការប្រជែងកៅអីឡើងទៅវគ្គ៨ក្រុម ចុងក្រោយដោយនឹងត្រូវធ្វើឲ្យ បានល្អបំផុតជើងទី១ក្នុងទឹកដីខ្លួនឯងនេះ ជាមួយនឹងកីឡាករខ្សែបម្រើប្រយុទ្ធឆ្នើមជនជាតិអង់គ្លេស Jack Wilshere អាចនឹងចូលលេងវិញបានហើយ ក្រោយពីជាសះស្បើយពីការ វះកាត់កែងជើងខាងឆ្វេងរួចមក ។
ជាមួយគ្នានោះដែរមិត្តរួមក្រុម Aaron Ramsey (ហើមសរសៃពួរ), Mikel Arteta (របួសកែងជើង), Abou Diaby (ហើយគ្រលៀន) ក៏បានជាសះស្បើយអស់ហើយដែរ ដើម្បីត្រឡប់ជួយក្រុមវិញ បន្ទាប់ពីឈរនៅក្រៅទីលានអស់ជា ច្រើនសប្តាហ៍ដូចគ្នា ។ Arsenal បានបន្តត្រួសត្រាយផ្លូវដោយលំបាកផងដែរនារដូវកាលឆ្នាំ២០១៤-២០១៥នេះ និង មានទម្រង់លេងគួរឲ្យកត់សម្គាល់ផងដែរតាមរយៈទិញបានកីឡាករជើងខ្លាំង២នាក់មានខ្សែប្រយុទ្ធ Danny Welbeck និង Alexis Sanchez ។
៤សម័យកាលជាប់គ្នាក្រុមកាំភ្លើងធំមួយនេះមិនដែលឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយនេះឡើយ គឺ២ដងធ្លាក់ក្រោម ថ្វីជើង របស់ Bayern Munich របស់អាល្លឺម៉ង់ និង Barcelona របស់អេស្ប៉ាញម្តង និង AC Milan របស់អ៊ីតាលីម្តងដែលបាន ក្លាយទៅជាប្រវត្តិច្រំដែលទៅហើយសម្រាប់គ្រូបង្វឹកជនជាតិបារាំង Arsene Wenger ក្នុងការកែប្រែប្រវត្តិជូរចត់នេះ ឡើងវិញនារាត្រីនេះ ។
ងាកមកមើល Monaco វិញលេងរាងធ្លាក់ជើងបន្តិច ក្រោយពេលលក់ខ្សែបម្រើប្រយុទ្ធវ័យក្មេង Jame Rodriguez ទៅ ឲ្យ Real Madrid និងខ្សែប្រយុទ្ធ Radamel Falcao ទៅឲ្យ Man Utd ខ្ចីជើង ខណៈដែលខ្សែការពារស្លាបឆ្វេង Layvin Kurzawa និងមិត្តរួមក្រុម Yannick Ferreira-Carrasco កំពុងតែមានបញ្ហារបួសដែលជាកី្តបារម្ភយ៉ាងធំធេង សម្រាប់ Monaco យប់នេះ ។ ជាមួយគ្នានោះដែរខ្សែបម្រើ Jeremy Toulalan, Tiemou Bakayoko និងខ្សែការពារ Ricardo Carvalho រួមនឹង Andrea Raggi ក៏មិនអាចជួយក្រុមបានដែរដោយសារតែជាប់បម្រាម ដោយមានតែអតីត ខ្សែប្រយុទ្ធ Man Utd, Dimitar Berbatov វ័យ៣៤ឆ្នាំដែលអាចជួយក្រុមបាន ៕