ភ្នំពេញ៖ ក្រុមបាល់ទះរបស់ក្រសួងមហាផ្ទៃ បានក្លាយជាជើងឯកពានរង្វាន់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិឆ្នាំ២០១៥ បន្ទាប់ពីប្រកួតឈ្នះក្រុមសាលាខេត្តកំពង់ចាម ក្នុងលទ្ធផលពិន្ទុ ៣-១សិតនៅវគ្គផ្តាច់ព្រ័ត្រ ។
អតីតក្រុមជើងឯកពីរជំនាន់ឆ្នាំ ២០១២ និង២០១៣ នៃពាន Leo Cup ដែលខ្លាចចាញ់ក្រុមសាលាខេត្តកំពង់ចាមនោះ បានខំប្រឹងលេងនៅ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រនាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ដោយប្រើពេលជិត៣ម៉ោង ទើបអាចយកឈ្នះក្រុម សាលាខេត្តកំពង់ចាមបានទាំងវេទនា ។
មហាផ្ទៃពីដំបូងចង់ភ័យជាមួយសាលាខេត្តកំពង់ចាមទៅហើយ បន្ទាប់ពីក្នុងសិតដំបូងលេងចាញ់នោះ ។ តែដោយពង្រឹងស្មារតី និងកម្លាំងសាមគ្គី បានឡើងវិញ មហាផ្ទៃបានយកឈ្នះសាលាខេត្តកំពង់ចាមបានវិញ ។ ក្នុងការប្រកួត៤សិតនោះ មហាផ្ទៃឈ្នះសាលាខេត្តកំពង់ចាម៣-១សិត ក្នុងពិន្ទុ ២៤-២៦, ២៥-២០, ២៥-២៣ និង ២៥-១៣ ។
សម្រាប់ក្រុមជើងឯកពាន នេត សាវឿន លើកទី១ឆ្នាំ២០១៥នេះនឹងទទួលបាន ៣០០០ដុល្លារ ស្មើនឹង១២លានរៀលខណៈក្រុម រងជើងឯក សាលាខេត្តកំពង់ចាមទទួលបានបានរង្វាន់ ២៥០០ដុល្លារ ។ ចំណាត់ថ្នាក់លេខ៣ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បន្ទាប់ពីប្រកួត ឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងទាំងលំបាក៣-២សិត ក្នុងពិន្ទុ ២៩-៣១, ២៥-១៩, ១៨-២៥, ២៥-១៨ និង ១៥-០៩ នោះ ដោយនឹងទទួល បានប្រាក់រង្វាន់ ២០០០ដុល្លារ ហើយលេខ៤ក្រុមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាន ១០០០ដុល្លារ ក្រោយចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី១៤ ខែកុម្ភៈមក ៕