ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេតអង្គរ បានសម្រេចចិត្តបន្ថែមសមាជិកថ្មី ជនជាតិនីហ្សេរីយ៉ា២រូបគឺកីឡាករ Oyewole Yemi Joseph និងកីឡាករ Esoh Paul Omogba ដើម្បីត្រៀមប្រកួតប្រជែងពានរង្វាន់បាល់ទាត់ League កំពូល កម្ពុជា Metfone Cambodia League ក្រោយហាលអាវត្រឹមវគ្គ៨ក្រុមចុងក្រោយនៃពាន Hun Sen-Cup លើកទី៩ កាលពីពេលថ្មីៗកន្លងទៅ ។
ការបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើងក្រុមណាហ្គាវើល ដោយលទ្ធផល ៣-០ ក្នុងវគ្គជម្រុះ ១/៤ នៃពានរង្វាន់ HSC កាលពីដើមខែកុម្ភៈកន្លងទៅថ្មីៗ ថ្នាក់ដឹកនាំក្លឹបបឹងកេតអង្គរ បានសម្ដែងនូវការសោកស្ដាយជាខ្លាំង ហើយក៏បាត់បង់ ប្រជាប្រិយភាពមិនស្ទើរឡើយ ចំពោះការរកមិនបានសូម្បីតែ១គ្រាប់នោះ ។
ដើម្បីស្ដារមុខមាត់ឡើងវិញ និងត្រៀមដណ្ដើមជើងឯក League កំពូលឆ្នាំ២០១៥ ឲ្យបានវិញនោះ ថ្នាក់ដឹកនាំក្លឹប ជើងឯក League កំពូលកម្ពុជាឆ្នាំ២០១២ បឹងកេតអង្គរ បានមើលឃើញពីសមត្ថភាពកីឡាករជនជាតិបរទេស២រូប គឺកីឡាករ Oyewole Yemi Joseph និងកីឡាករ Esoh Paul Omogba ដើម្បីជួយក្លឹបនារដូវកាលក្រោយនេះ ។
លោក បែ មករា អ្នកចាត់ការទូទៅនៃក្លឹបបឹងកេតអង្គរ បានឲ្យដឹងថា ការធ្លាក់នៅវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនៃពានរង្វាន់បាល់ ទាត់សម្ដេចតេជោ ហ៊ុន សែន គឺយើងមានការសោកស្ដាយពេកទៅហើយ ប៉ុន្ដែយើងនឹងខិតខំនៅក្នុងយុទ្ធនាការពាន រង្វាន់ Metfone Cambodia League ឆ្នាំ២០១៥ វិញ ។
លោកបន្ដថា Oyewole Yemi Joseph និង Esoh Paul Omogba មុននឹងសម្រេចមកជ្រកក្រោមទ្រនំក្លឹបបឹងកេតអង្គរ ពួកគេបានប្រកបអាជីពបាល់ទាត់នៅប្រទេសថៃ ប៉ុន្ដែមុននឹងទៅលេងនៅថៃ ពួកគេក៏ធ្លាប់លេងឲ្យក្លឹបមួយ ក្នុងប្រទេសកម្ពុជាដែរ ។ ចំពោះសមត្ថភាព Yemi Joseph គេមានជំនាញលេងខ្សែការពារ រីឯ Paul Omogba ជាខ្សែប្រយុទ្ធ ដែលមានសមត្ថភាពពិសេសរៀងៗខ្លួន ដែលពួកនឹងក្លាយជាកម្លាំងស្នូលដ៏សំខាន់ ដើម្បីជួយក្លឹបបឹងកេត ក្នុងយុទ្ធនាការ League កំពូលកម្ពុជា ជុំទី១ ដែលនឹងចាប់ផ្ដើមនៅក្នុងខែមីនាខាងមុខនេះ ៕
កីឡាករ Oyewole Yemi Joseph និងកីឡាករ Esoh Paul Omogba