ភ្នំពេញ៖ ក្រុមកីឡាករវាយកូនបាល់ (Tennis) ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះបានបើកទ្វារទទួលស្វាគមន៍ក្រុម កីឡាករជើងខ្លាំងរបស់កូរ៉េខាងត្បូងចំនួន៦រូប ដើម្បីប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិ ដែលធ្វើឲ្យ កក្រើកទីលានវាយកូនបាល់នៃ សណ្ឋាគារសូហ្វីតែលតែម្ដង ។
ព្រឹត្តិការណ៍ខាងលើ បានកើតឡើងក្រោយសហព័ន្ធកីឡាវាយកូនបាល់កូរ៉េខាងត្បូង បញ្ជូនកីឡាកររបស់ខ្លួនចំនួន៦រូប ដើម្បីមកប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិជាមួយនឹងកីឡាករវាយកូនបាល់របស់ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា ខណៈភាគីម្ចាស់ផ្ទះបានរៀបចំកីឡាករជើងខ្លាំង៤រូប ដើម្បីទទួលការប្រកួតជាមួយនឹងកីឡាករកូរ៉េទាំងនោះ ។
លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ជំនួបមិត្តភាពនៃការប្រកួតកីឡា Tennis កម្ពុជា-កូរ៉េខាងត្បូងនេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃជាប់គ្នាគឺនៅថ្ងៃទី០៤-០៥ ខែកុម្ភៈនេះ នៅលើទីលាន សូហ្វីតែលតែមួយគត់ ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេសពីគ្នាទៅវិញទៅមក ។
ប្រធានអង្គភាពកីឡាប្រចាំក្រសួងមហាផ្ទៃនេះបានបន្ដថា បើប្រៀបធៀបសមត្ថភាពកីឡាករកម្ពុជា គឺមិនអាចប្រកួត ប្រជែងនឹងកូរ៉េបានទេ ប៉ុន្ដែការបើកីឡាករកម្ពុជា មានឱកាសប្រកួតជាមួយអ្នកមានសមត្ថភាពច្រើនលើកច្រើនសារ នោះច្បាស់ជាមានការរីកចម្រើនខ្លាំងជាងមុន ហើយថាមិនត្រូវទៅថ្ងៃអនាគត Tennis កម្ពុជា ក៏អាចប្រកួតប្រជែង ជាមួយកីឡាករ Tennis កូរ៉េ ក៏ដូចជាប្រទេសជិតខាងផងដែរ ។
លោក ជា ប៊ុនហេង បានបញ្ជាក់ថា “បច្ចុប្បន្ន អង្គភាពកីឡាក្រសួងមហាផ្ទៃ បាននឹងកំពុងពង្រឹងការហ្វឹកហាត់ជាខ្លាំង ដើម្បីត្រៀមចូល រួមប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ-អន្ដរជាតិនានា ហើយជំនួបមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងលើកនេះ ក៏ ជាឱកាសប្រកួតដកស្រង់ បច្ចេកទេស ធ្វើជាទុនសម្រាប់ត្រៀមប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៥នាចុងខែកុម្ភៈខាងមុខ នេះផងដែរ” ។
លោកបន្ថែមថា កីឡា Tennis និងកីឡា Soft Tennis គឺមានច្បាប់ប្រកួត និងក្បាច់លេងប្រហាក់ប្រហែលគ្នា ដែលមិនអាចកាត់ផ្ដាច់ចេញ ពីគ្នាបានឡើយ ហេតុនេះហើយទើបក្រសួងមហាផ្ទៃ ខិតខំពង្រឹងកីឡាទាំង២ប្រភេទ ដើម្បីធ្វើដំណើរ ឆ្ពោះទៅដណ្ដើមមេដាយលើ ឆាកអន្ដរជាតិជូនប្រទេសកម្ពុជា ។ ក្នុងនោះក៏មានការចូលរួមបង្ហាត់បង្រៀនដោយស្ម័គ្រ ចិត្តពីសំណាក់គ្រូបង្វឹកជនជាតិកូរ៉េ ខាងត្បូងចំនួន២រូបផងដែរគឺមានលោក Kim Gunjung និងលោក Cha Jeong Joo ៕