ភ្នំពេញ៖ កម្មវិធីរត់កម្សាន្ដលក្ខណៈគ្រួសារ និងសម្រាប់មិត្តៗ យុវវ័យដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា (NOCC) ក្រោមប្រធានបទ «ស្ដ្រី និងកីឡារត់ដើម្បី សេចក្ដីស្រឡាញ់ Women and Sport-Run for Love» នាថ្ងៃទី១៤ កុម្ភៈខាងមុខនេះ ច្បាស់ជាប្លែក និងសប្បាយរីករាយជាងមុន ជាមួយនឹងកម្មវិធីថ្មីមួយទៀត គឺការរត់ប្រណាំងជើង៣ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការរៀបចំព្រឹត្តិការណ៍ Women and Sport-Run for Love នាល្ងាចថ្ងៃទី០២ ខែកុម្ភៈនេះលោក វ៉ាត់ ចំរើន អគ្គលេខាធិការ (NOCC) បានមានប្រសាសន៍ថា ឆ្នាំនេះ គឺជាលើកទី២ហើយ ដែលថ្នាក់ដឹកនាំអូឡាំពិក បានបង្កើតកម្មវិធីរត់ប្រណាំងលក្ខណៈកម្សាន្ដនេះឡើង ចាប់តាំងពីលើកទី១ ឆ្នាំ២០១០មកម្ល៉េះ ។
លោកបានបន្ដថា ដើម្បីបំផុសសកម្មភាពស្ដ្រីឲ្យចូលរួមលេងកីឡាកាន់តែច្រើនឡើងៗ ស្របតាមគោលដៅរបស់គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាឆ្ពោះទៅ ឆ្នាំ២០២៣ នៃការធ្វើម្ចាស់ផ្ទះកីឡា SEA Games នោះ ឆ្នាំនេះគណៈកម្មការបច្ចេកទេស កំពុងត្រៀមរៀបចំកម្មវិធីរត់ប្រណាំង និងល្បែងកម្សាន្ដជាច្រើន សម្រាប់ផ្ដល់ឱកាសឲ្យស្ដ្រីបានចូលរួម ជាពិសេសគឺវិញ្ញាសារត់ប្រណាំងជើង ៣តែម្ដង ។
អគ្គលេខាធិការ NOCC រូបនេះបានបន្ថែមថា «វិញ្ញាសាត្រូវប្រកួត គឺមិនដូចវិញ្ញាសាអ្នករត់អាជីពនោះទេ គឺយើងរៀបចំត្រឹម ៥គីឡូម៉ែត្រប៉ុណ្ណោះ ។ ប៉ុន្ដែក្នុងនោះគណៈកម្មការ នឹងរៀបចំកម្មវិធីថ្មីមួយ ដោយតម្រូវឲ្យបុរស និងនារីចាប់គូ រួចចងជើងពីរផ្អោបគ្នា ដើម្បីរត់ប្រណាំងក្នុងចម្ងាយ ១០០ម៉ែត្រ ដែលកម្មវិធីនេះយើងសង្ឃឹមថា នឹងទទួលបានការគាំទ្រច្រើនពីយុវវ័យបច្ចុប្បន្ន ហើយគិតមកដល់ពេលនេះ គឺមានអ្នកចុះឈ្មោះចូលរួមជាង ២.០០០នាក់ហើយ ក្នុងនោះភាគច្រើនជាយុវវ័យ» ។
លោកបានបញ្ជាក់ថា «គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ នៅថ្ងៃទី១៤ កុម្ភៈនោះ មិនមែនជាការរៀបចំឡើងដើម្បីអបអរថ្ងៃ Valentine Day ទេ គឺយើងធ្វើដើម្បីអបអរថ្ងៃនៃសេចក្ដីស្រលាញ់ សាមគ្ដីភាព មិត្តភាព និងការបំផុសឲ្យស្រ្ដីចូលរួមលេងកីឡា ។ ម្យ៉ាងវិញទៀត គឺដើម្បីនាំយុវវ័យឲ្យលេងកីឡា ចៀសវាងការយកថ្ងៃទី១៤ កុម្ភៈនោះ ទៅធ្វើអ្វីក្បត់នឹងប្រពៃណី ដែលជាការយល់ខុសរបស់យុវវ័យ មួយចំនួននាពេលបច្ចុប្បន្នថា ជាថ្ងៃបុណ្យសង្សារទៅវិញ» ។
ក្នុងឱកាសដ៏សប្បាយរីករាយនោះដែរ ក៏នឹងមានរៀបចំកម្មវិធីសប្បុរសធម៌មួយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងកោះអញ្ជើញកីឡាការិនីឆ្នើម ជើងចាស់ប្រមាណ១០នាក់ ដើម្បីផ្ដល់រង្វាន់លើកទឹកចិត្តជូនពួកគាត់ ដែលខិតខំដើម្បីជាតិ តាំងពីសម័យមុន និងសម័យបច្ចុប្បន្ន ក្នុងនោះក៏នឹងមានវត្តមានវីរៈនារីតេក្វាន់ដូ ស៊ន សៀវម៉ី ម្ចាស់មេដាយមាសកីឡាអាស៊ីប្រវត្តិសាស្ដ្រ លើកទី១៧ និងម្ចាស់មេដាយសំរិទ្ធកីឡាចំបាប់ឆ្នេរខ្សាច់ លើកទី៤ គឺកីឡាការិនី នី សំណាង ផងដែរ ៕