ញូវយ៉ក៖ ទូរទស្សន៍ស៊ីអ៊ិនអ៊ិន បានផ្សព្វផ្សាយ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ ម្សិលមិញនេះថា ទូរស័ព្ទស្មាតហ្វូន របស់ក្រុមហ៊ុន Apple ដែលបានលក់ចេញក្នុងត្រីមាស ចុងក្រោយនាឆ្នាំ២០១៤ នោះគឺមានចំនួន ៧៤,៥លានគ្រឿង ដោយសារការលក់ បានច្រើនបែបបនេះ បានជំរុញឲ្យប្រាក់ ចំណេញរបស់ Apple កើនឡើងជាង ៣៧ភាគរយ ស្មើនឹងទឹកប្រាក់ ១៨,៩ ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក។
នេះជាតួលេខមួយដែលបានកើនឡើងខ្លាំងណាស់ បើធៀបនឹងការលក់ចេញស្មាតហ្វូន ក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០១១ ដែលមានទឹកប្រាក់ ១៦,២ពាន់លានដុល្លារអាមេរិក ។ នៅក្នុងត្រីមាសចុងឆ្នាំ ២០១៤ ក្រុមហ៊ុន Apple ទទួលបានប្រាក់ចំណូល ៧៤,៦ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើងជិត ៣០ភាគរយ។
លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានលើកឡើងថា "ការចាប់អារម្មណ៍មកលើ ផលិតផលរបស់ Apple គឺមានកម្រិតមួយខ្ពស់ណាស់ ហើយវាកើនឡើង ជាងការរំពឹងទុក របស់យើងទៅទៀត"។
គួរបញ្ជាក់ថា ប្រាក់ភាគហ៊ុនរបស់ក្រុមហ៊ុនេះ ក៏បានកើនឡើង ៥ភាគរយផងដែរ បន្ទាប់ពីក្រុមហ៊ុន Apple ប្រកាសបង្ហាញរបាយការណ៍ ហិរវញ្ញវត្ថុត្រីមាសចុងឆ្នាំ ២០១៤៕