ក្រុងឡុងដ៍៖ ក្រុមតោខៀវ Chelsea របស់លោក Jose Mourinho បានឡើងទៅឈរចាំមុនហើយនៃវគ្គផ្តាច់ព្រ័ត្រក្នុង ព្រឹត្តិការណ៍ពានរង្វាន់លំដាប់ទី៣អង់គ្លេស Capital One Cup បន្ទាប់ពីបានទម្លាក់ក្រុមភ្ញៀវហង្សក្រហម Liverpool ១-០ នៅនាទីបន្ថែមយប់មិញនេះក្នុងជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ ។
ថ្វីត្បិតតែលេងនៅក្នុងទឹកដីនៃកីឡដ្ឋាន Stamford Bridge ខ្លួនឯងក៏ពិតមែនក្រុមដែលកំពុងកាន់កាប់ តំណែងកំពូលតា រាង Premier League តោខៀវមួយនេះមិនអាចធ្វើអ្វីក្រុមរបស់លោក Brendan Rodgers បានឡើយដោយរក្សាលទ្ធ ផលស្មើ ០-០ ក្នុងរយៈពេល៩០នាទីពេញ តែត្រូវបានកីឡាករខ្សែការពារជនជាតិស៊ែប៊ី Branislav Ivanovic តែតបញ្ចូលទីបាន១គ្រាប់នៅនាទីបន្ថែមនាទី៩៤ដែលជាគ្រាប់ជ័យជំនះ និងឡើងទៅ វគ្គផ្តាច់ព្រ័ត្រទាំងត្រដាបត្រដួសផងដែរ ។
នេះជាការរក្សាមិនឲ្យរបូតគ្រាប់បាល់ ខណៈដែលជើងទី១មានលទ្ធផលស្មើគ្នានៅទឹកដី Liverpool ១-១ និងឈរចាំមុន ផងដែរក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវចាំអ៊ុតថាតើនឹងត្រូវជួបក្រុម Tottenham Hotspur ឬក៏ក្រុម Sheffield United ក្រោយ ពីបញ្ចប់ជើងទី២នាម៉ោង ២:៤៥នាទីរំលងអធ្រាត្រយប់នេះទៅ (ម៉ោងនៅកម្ពុជា) ដើម្បីបញ្ចប់ជើងទី២ដូចគ្នា ក្រោយ មានលទ្ធផល Spurs ឈ្នះ ១-០ កាលពីជើងទី១នៅក្នុងកីឡដ្ឋាន White Hart Lane ។
សូមបញ្ជាក់ថា ក្នុងរដូវកាលថ្មីឆ្នាំ២០១៤-២០១៥នេះ ក្រុមដែលកំពុងឡើងជើងខ្លាំងតោខៀវ Chelsea អាចនឹងឈ្នះ ពាន២គឺពាន Capital One Cup និងពាន Premier League ខណៈដែលពានធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League ហាក់នៅស្រពេចស្រពិលនៅឡើយ ស្របពេលដែលក្រុមការពារ តំណែងជើងឯកស្តេចស Real Madrid ប្រជុំទៅដោយជើងខ្លាំងជាមួយនឹងទម្រង់លេងឡើងខ្ពស់ឥតអាក់នោះ ៕