Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ពុទ្ធ ឆាយរិទ្ធី, មាស ច័ន្ទមាន និង អាំង សំអាត ប៉ះថៃនៅសង្វៀន SEA-TV

$
0
0

ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា៣រូបមាន ពុទ្ធ ឆាយរិទ្ធី, មាស ច័ន្ទមាន និង អាំង សំអាត ត្រៀមទទួល ស្វាគមន៍កីឡាករឆ្លង ដែនមកពី ប្រទេសថៃ ៣រូប ដូចគ្នាជាលក្ខណៈ មិត្តភាពអន្តរជាតិ នៅលើសង្វៀន ទូរទស្សន៍អាស៊ីអាគ្នេយ៍ (Sea-TV) ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥ចុងសប្តាហ៍នេះ ។

អ្នកប្រដាល់ ពុទ្ធ ឆាយរិទ្ធី មកពីក្លឹបពុទ្ធសេរីវង្សកីឡា ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Pha Noy ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។ ឆាយរិទ្ធី ធ្លាប់ ប៉ះ ថៃពីរដងមកហើយ ដែលកាលលើកទី១បានវាយអ្នកប្រដាល់ថៃ Amnat Daeng Phayab ឲ្យចុះចាញ់ក្នុងទឹកទី២ និងអ្នកប្រកួតលើក ទី២វាយ ចាញ់អ្នកប្រដាល់ថៃ Singh Dam ដោយពិន្ទុ ហើយឆាយរិទ្ធី មានកណ្ដាប់ដៃ កែង និងជើងទាត់របស់រិទ្ធី វាយចេញខ្លាំង និងមានទម្ងន់ធ្ងន់គួរសមដែរ ហើយជាអ្នកប្រដាល់ដែលមិនចេះវាយបន្ធូរនោះទេ ឲ្យតែគេយល់ថាដៃគូអាចបង្ក្រាបបាន គឺគេមិនទុកយូរទេ គេផ្ដួលយកឈ្នះតែម្តង បើនិយាយ ពីបច្ចេកទេស និងកលល្បិចនោះ រិទ្ធីគេមានពេញខ្លួន ។

តាមលោក ញាណ សុធី អ្នកចាត់ចែងប្រដាល់នៅ Sea-TV បានឲ្យដឹងថា Pha Noy គេជាអ្នកប្រដាល់ដែលល្បីនៅស្រុកថៃ ដែលមានស្នៀតវាយ កែងល្អ រហ័ស ហើយស្នៀតជង្គង់របស់គេក៏មិនខ្សោយដែរ ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៥៦ដង ឈ្នះ៤៥ដង និងចាញ់៩ដង ស្មើ ពិន្ទុ២ដង ។ ចាំមើលតើរវាង ពុទ្ធ ឆាយរិទ្ធី និង Pha Noy នរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ ។

ចំពោះអ្នកប្រដាល់ថៃ Aka Chhai ដែលជាគូប្រកួតជាមួយ មាស ច័ន្ទមាន (សារឹម ង៉ា) នោះគេក៏មិនដែលមកស្រុកខ្មែរដែរ ។ អ្នកប្រដាល់ថៃរូបនេះ បើតាមអ្នកផ្គូរផ្គងឲ្យដឹងថា គេមានក្បាច់គុនប្រដាល់ល្អមិនចាញ់ មាស ច័ន្ទមាន នោះទេ ។ ទន្ទឹមនេះ មានអ្នកលួចខ្សឹបប្រាប់ថា Aka Chhai មានផ្លែ ល្អ កណ្តាប់ដៃ និងជង្គង់ក៏ល្អណាស់ដែរ ។ អ្នកប្រដាល់ថៃរូបនេះធ្លាប់ប្រកួតចំនួន៦៩ដង ឈ្នះ៥៣ដង ចាញ់១៤ដង និងស្មើ២ដង ។

មាស ច័ន្ទមាន ជាអ្នកប្រដាល់ដែលមានកម្លាំងសម្រុកខ្លាំង រឹងមាំ ស្នៀតទាត់ កែង និងជង្គង់របស់គេខ្លាំង ហើយលឿនរហ័ស ។ ច័ន្ទមាន ធ្លាប់ ប្រកួតជាមួយអ្នកប្រដាល់ថៃចំនួន៣នាក់មកហើយ ដោយឈ្នះ២នាក់ និងចាញ់ម្នាក់ក្នុងការប្រកួតចុងក្រោយនេះ ។ អ្នកប្រដាល់ ច័ន្ទមាន ធ្លាប់ ប្រកួត ចំនួន៩៥ដង ឈ្នះ៧២ដង និងចាញ់២៣ដង ។ ចាំមើលរវាងមាស ច័ន្ទមាន និង Aka Chhai តើអ្នកណាឈ្នះ?

អាំង សំអាត អ្នកប្រដាល់ក្លឹបតាព្រហ្មមានជ័យ ត្រូវជួបជាមួយអ្នកប្រដាល់ថៃឈ្មោះ Sen Thanong ដោយប្រកួតក្នុងទម្ងន់៥៤គ.ក្រ ។ អ្នកប្រដាល់ ថៃរូបនេះ ពុំធ្លាប់ដែលមកប្រកួតនៅស្រុកខ្មែរនោះទេ ។ នេះបើតាមលោកញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំ SEA-TV ប្រាប់ឲ្យដឹង ។ Sen Thanong អ្នកប្រដាល់ថៃមានកម្ពស់ប្រហាក់ប្រហែល នឹងសំអាតដែរ ហើយប្រវត្តិប្រកួតរបស់គេ ក៏ប្រហាក់ប្រហែលគ្នាដែរ ។ Sen Thanong ប្រកួតចំនួន៦១ដង ដោយឈ្នះ៥១ដង ចាញ់៨ដង និងស្មើ២ដង ខណៈដែល អាំង សំអាត អ្នកប្រដាល់កម្ពុជាយើងប្រកួតបានចំនួន៦៥ដង ឈ្នះ ៥៤ដង ចាញ់១១ដងមិនដែលស្មើ ។

អាំង សំអាត ធ្លាប់ប្រកួតជាមួយថៃ៣នាក់ហើយកន្លងមក ដោយវាយឈ្នះថៃដោយពិន្ទុ២ដង និងស្មើម្តង ដែលជាអ្នកប្រដាល់ ដែលមានកណ្ដាប់ដៃ លឿន រហ័ស និងខ្លាំងនោះ សំអាត មិនញញើតអ្នកប្រដាល់ថៃនោះឡើយ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles