អង់គ្លេស៖ ក្រុមហ៊ុន Rolls-Royce Motor Cars ដ៏ល្បីនៃ ចក្រភពអង់គ្លេស បានបង្ហាញលទ្ធផល នៃការលក់ខ្ពស់ ជាឯកទគ្គកម្ម ប្រាំឆ្នាំជាប់គ្នា ដែលរថយន្តចំនួន ៤០៦៣គ្រឿង ត្រូវបានលក់ នៅទូទាំង ពិភពលោកក្នុងឆ្នាំ ២០១៤ ។ លទ្ធផលពិសេសនេះ មានន័យថា តួលេខការលក់ បានកើនឡើង បួនដង ចាប់តាំងពីឆ្នាំ២០០៩ ។
ការលក់មានកំណើនខ្លាំង នៅទូទាំងពិភពលោក ជាមួយនឹងកំណើនពីរខ្ទង់ នៅក្នុងតំបន់ភាគច្រើនដូចជា នៅតំបន់អាមេរិក ខាងជើង (កើន៣០%) តំបន់មជ្ឈឹមបូព៌ា (កើន២០%) និងតំបន់អឺរ៉ុប (កើន៤០%)។ តំបន់អាមេរិក ខាងជើង នៅតែជាទីផ្សារ ដ៏សំខាន់បំផុត ហើយនៅចក្រភពអង់គ្លេស ដែលជាទីផ្សារក្នុង ស្រុករបស់រថយន្ត Rolls-Royce គឺជាទីផ្សារធំបំផុត លំដាប់ទីបួន របស់ក្រុមហ៊ុន (កើន ១៣%) ។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន ផលិតរថយន្ត របស់អង់គ្លេស ។
លោក Torsten Müller-Ötvös អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Rolls-Royce Motor Cars បាននិយាយថា៖ “ឆ្នាំនេះជាឆ្នាំ ដែលយើងឃើញកំណត់ត្រា ការលក់របស់ក្រុមហ៊ុន Rolls-Royce Motor Carsកើនឡើងខ្ពស់ បំផុតប្រាំឆ្នាំជាប់គ្នា ។ ការលក់រថយន្ត បានកើនឡើងលើស ៤.០០០គ្រឿង ក្នុងមួយឆ្នាំ ជាលើកដំបូងក្នុង ប្រវត្តិសាស្រ្ត រយៈពេល១១១ឆ្នាំរបស់យើង” ។
លោកបន្តថា “លទ្ធផលនេះបញ្ជាក់ថា យុទ្ធសាស្រ្តផ្តោត លើកំណើន និងផលចំណេញ ដែលមានតុល្យភាព មាននិរន្តរភាព របស់យើងពិតជា មានប្រសិទ្ធភាព ហើយក្រុមហ៊ុន Rolls-Royce នៅតែនាំមុខគេផ្នែក សម្ភារមហាប្រណីត ក្នុងពិភពលោក ។ ភាពជោគជ័យដ៏អស្ចារ្យ ពឹងផ្អែកលើ គ្រឹះដ៏រឹងមាំ គឺផលិតផលគុណភាពខ្ពស់ ផលិតករដែល ខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្ត ធានាឱ្យការលក់មាន តុល្យភាពជាសកល ។”
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអង់គ្លេស លោក Vince Cable បាននិយាយថា “ក្រុមហ៊ុន Rolls-Royce Motor Cars មានកិត្តិស័ព្ទល្បីល្បាញ នៅទូទាំងពិភពលោក ជាមួយនឹងការកើនឡើងនូវតួលេខ នាំចេញទៅបរទេស ជាប់ជានិច្ច ។ ជំនាញនិងការយកចិត្តទុកដាក់ របស់បុគ្គលិកទាំងអស់ របស់ក្រុមហ៊ុននៅប្រទេសអង់គ្លេសយើង បាននាំឱ្យក្រុមហ៊ុន ទទួលបានជោគជ័យ យ៉ាងខ្លាំងក្នុងឆ្នាំនេះ” ។
លោក Cable បានបន្ថែមទៀតថា “ឧស្សាហកម្មផលិតរថយន្ត របស់ប្រទេសអង់គ្លេស កំពុងរីកចម្រើនខ្លាំងណាស់។ រថយន្តថ្មីមួយគ្រឿង ចាកចេញពីខ្សែសង្វាក់ ផលិតកម្មរៀងរាល់២០វិនាទី ហើយការវិនិយោគ ច្រើនឡើង នៅក្នុងតំបន់ ជួយឲ្យប្រជាជន ទទួលបានការងារ ក្នុងស្រុកច្រើន” ។ លំដាប់លេខរៀងនៃតំបន់ ដែលមានការលក់ ខ្ពស់ជាងគេ ក្នុងឆ្នាំ២០១៤៖ ១, តំបន់អាម៉េរិកខាងជើង ២, តំបន់មជ្ឈិមបូព៌ា ៣, តំបន់អ៊ឺរ៉ុប ៤, ប្រទេសចិន ៥, តំបន់អាស៊ីប៉ាស៊ីហ្វិក ៕