ភ្នំពេញ៖ ជាច្រើនឆ្នាំមកហើយ សហព័ន្ធកីឡាហែលទឹក គឺជាប្រភេទកីឡាជាតិដ៏មាន សក្ដានុពលមួយដែលតែងតែ ទទួលបាន ការឧបត្ថម្ភពីក្រុមហ៊ុនឯកជន ហើយក៏បានរៀប ចំព្រឹត្តិការណ៍ ដ៏ច្រើនផងដែរ ។ ជាក់ស្ដែងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥នេះ សហព័ន្ធបានទទួលការ ឧបត្ថម្ភសាជាថ្មីពីក្រុមហ៊ុនស៊ីម៉ង់ត៍ K-Cement ដើម្បីរៀបចំការប្រកួតដណ្ដើម ពានរង្វាន់ក្រុមហ៊ុនមួយ នេះនៅក្នុងអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ ។
ទោះបីជាយ៉ាងនេះក្ដី ឆ្លងកាត់ការចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍អន្ដរជាតិក្នុង យុគសម័យថ្មីមួយរយៈកន្លងមក ជាពិសេស គឺការ ប្រកួតក្នុងព្រឹត្តិការណ៍ ធំៗប្រចាំតំបន់តែម្ដង កីឡាហែលទឹក ពុំដែលបង្ហាញស្នាដៃដណ្ដើមមេដាយ ជូនជាតិឡើយ ប៉ុន្ដែបើ និយាយ ពីការប្រកួតថ្នាក់ជាតិវិញ កីឡាករ-កីឡាការិនី ដែលដណ្ដើមបានជើងឯកនោះ ហាក់មិនសូវប្ដូរមុខមាត់ ឬប្ដូរឈ្មោះ ឡើយ ពោលគឺអត្តពលិកដដែលៗប៉ុណ្ណោះ ដែលជាការគ្រងតំណែងជើងឯក ។
ងាកទៅស្ដាប់ទស្សនៈរបស់ថ្នាក់ដឹកនាំវិញ មានមន្ដ្រីមួយចំនួនបានអះអាងថា កីឡាហែលទឹក សម្រាប់ការប្រកួត ជ្រើសរើស ជើង ឯកថ្នាក់ជាតិក្ដី ឬពានរង្វាន់ជាតិក្ដី ពីមួយឆ្នាំទៅមួយឆ្នាំ គឺមានការរីកចម្រើនរហូត ជាក់ពិសេស គឺក្នុងការប្រកួត អន្ដរជាតិកន្លងមក អត្តពលិកតែងតែ បំបែកកំណត់ត្រារបស់ខ្លួន (ប្រើថិរៈវេលាតិច ជាងមុន) ដែល ទស្សនៈបែបនេះ តែង ឮសូរនិយាយក្រោយ បរាជ័យ និងត្រឡប់មកផ្ទះវិញដោយ ដៃទទេ ។
ប៉ុន្ដែថ្ងៃនេះ គេហទំព័រ LookingTODAY សូមនាំទស្សនិកជន ទៅតាមដានទស្សនាការ ប្រកួតជ្រើសរើសជើងឯក K-Cement លើក ទី៥ ដែលនឹងប្រព្រឹត្ត ទៅរយៈពេល៣ថ្ងៃ ជាប់គ្នាចាប់ពីថ្ងៃទី០៦-០៨ ខែមករានេះវិញម្ដង ដើម្បី បានជ្រាបថា តើព្រឹត្តិការណ៍ហែល ទឹកថ្នាក់ជាតិដើមឆ្នាំ២០១៥នេះ កីឡាករ-កីឡាការិនី ដែលនឹងក្លាយជា ជើងឯក ហើយទទួល បានប្រាក់រង្វាន់ឧបត្ថម្ភប ន្ដិចបន្ដួច ពីអ្នករៀបចំនោះ មានការប្រែប្រួលដែរទេ? ដូច្នេះតាមដានទស្សនា ទាំងអស់ដែលការ ប្រកួតនឹងធ្វើឡើង នៅកន្លែងតែមួយគត់ គឺ អាងហែលទឹកក្នុង ពហុកីឡដ្ឋានជាតិ ៕