ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រី ទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤នេះ បានដឹកនាំប្រាក់រង្វាន់ រាជរដ្ឋាភិបាលចំនួន ២៥៤,៩០០,០០០រៀល ឬស្មើនឹង ៦៣,៧២៥ ដុល្លារអាម៉េរិក ផ្ដល់ឲ្យក្រុមអត្តពលិកកម្ពុជា ចំនួន ១៦រូប និងគ្រូបង្វឹកចំនួន ៦រូប លើកកីឡា ៣ប្រភេទ រួមមានកីឡាតេក្វាន់, វ៉ូវីណាម និងកីឡាចំបាប់ ដែលទើបដណ្ដើម បានមេដាយកីឡាអាស៊ី និងកីឡាអាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗ កន្លងទៅ ក្នុងឆ្នាំ២០១៤នេះ ។
លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់អំពីជ័យលាភី ដែលកីឡាទាំង ៣ប្រភេទខាងលើទទួលបាន ពីព្រឹត្តិការណ៍អន្ដរជាតិថា សម្រាប់កីឡាតេក្វាន់ដូ WTF ក្នុងការប្រកួតជើងឯកអាស៊ី លើកទី២១ នៅប្រទេសអ៊ូសប៉េគីស្ថាន កាលពីខែឧសភា ឆ្នាំ២០១៤នេះ កម្ពុជា ដណ្ដើមបានមេដាយសំរិទ្ធ ១គ្រឿង រីឯកីឡាវ៉ូវីណាម បានដណ្ដើមមេដាយ កីឡាអាស៊ីអាគ្នេយ៍ លើកទី៣ នៅប្រទេស មីយ៉ាន់ម៉ាចំនួន ១៤គ្រឿងឯណោះ ជូនកម្ពុជា កាលពីខែតុលាកន្លងទៅ ក្នុងនោះមាន មេដាយមាស៣, ប្រាក់៣ និងសំរិទ្ធ ៨គ្រឿង ។
ចំណែកក្នុងព្រឹត្តិការណ៍ ប្រកួតកីឡា ចំបាប់ជើងអាស៊ីអាគ្នេយ៍ បូកអូស្រ្ដាលី នៅប្រទេសសិង្ហបុរី កាលពីចុងខែតុលា កន្លងទៅ ក្រុមកីឡាចំបាប់កម្ពុជា បានដណ្ដើមមេដាយ ជូនប្រទេស ជាតិខ្លួនវិញចំនួន ៤គ្រឿង ក្នុងនោះមានមេដាយមាស១, ប្រាក់១ និសំរិទ្ធ ២គ្រឿង ។
លោករដ្ឋមន្ដ្រីបានបន្ដទៀតថា ក្នុងកម្មវិធីប្រគល់ប្រាក់ រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលនេះ គឺបែងចែកជា ២ប្រភេទ ក្នុងនោះសម្រាប់ មេដាយសំរិទ្ធ កីឡាអាស៊ី ទទួលបានទឹកប្រាក់ចំនួន ១១លានរៀល ប៉ុន្ដែចំពោះអ្នកដណ្ដើម បានមេដាយកីឡា អាស៊ីអាគ្នេយ៍វិញ មេដាយមាស ទទួលបាន ៩លានរៀល, ប្រាក់ ៨លានរៀល និងសំរិទ្ធ ៧លានរៀល ។ សរុបមេដាយសំរិទ្ធ កីឡាអាស៊ី ១គ្រឿង និងមេដាយកីឡា អាស៊ីអាគ្នេយ៍ ១៨គ្រឿង(មាស៤, ប្រាក់៤ និងសំរិទ្ធ ១០) រាជរដ្ឋាភិបាល បានចំណាយថវិកា សរុបចំនួន ២៥៤,៩០០,០០០ រៀលឯណោះ ។
លោកបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា ប្រាក់រង្វាន់ដែល កីឡាករ-កីឡាការិនី និងគ្រូបង្វឹកទទួលបាននាពេលនេះ គឺជាការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែ យកចិត្តទុកដាក់ និងជំរុញសកម្មភាពកីឡា ឲ្យមានសក្ដានុពល លើឆាកអន្ដរជាតិ ។
លោកបន្ដថា “ជ័យលាភី ដែលក្មួយៗ ដណ្ដើមបានពេលនេះ គឺបញ្ជាក់ឲ្យឃើញថា វិស័យកីឡាកម្ពុជា កំពុងតែមានការរីកចម្រើនខ្លាំង ដែលឈានដណ្ដើមបាន មេដាយមាស កីឡាអាស៊ី ហើយក៏កំពុងធ្វើដំណើរ ឆ្ពោះទៅដណ្ដើមមេដាយ កីឡាអូឡាំពិកផងដែរ ។ ប៉ុន្ដែទោះបីជា យ៉ាងណា យើងក៏មិនត្រូវភ្លេចខ្លួនដែរថា នៅឆ្នាំ២០២៣ខាងមុខ កម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះកីឡា SEA Games ដូច្នេះចូលក្មួយ ប្រឹងប្រែងធ្វើការហ្វឹកហាត់ ដើម្បីកុំឲ្យខ្មាស់គេ ព្រោះយើងជាម្ចាស់ផ្ទះ យើងត្រូវស្វែង មេដាយឲ្យបានច្រើន ទោះបីមិនបានលេខ មួយក៏ដោយ” ។
លោកឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថា សហព័ន្ធកីឡាជាតិកម្ពុជាបច្ចុប្បន្ន មានរហូតដល់ទៅ ៣៩សហព័ន្ធឯណោះ ក្នុងនោះមាន ២១សហព័ន្ធ ជាប្រភេទ កីឡាអូឡាំពិក ប៉ុន្ដែទោះជាយ៉ាងណា គ្រប់សហព័ន្ធទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាព ធនធានវ័យក្មេង ឲ្យបានច្រើន ជាពិសេសគឺបណ្ដុះ ចេញពីតាមបណ្ដា សាលារៀន ឬអង្គការនានា ដើម្បីស្វែងរកអ្នក មានទេពកោសល្យល្អ និងមានចំណង់ចំណូលចិត្ត លេងកីឡា មកធ្វើការហ្វឹកហាត់ ទុកត្រៀមប្រកួតប្រជែង លើកឆាកអន្ដរជាតិ ជាពិសេសគឺត្រៀម ធ្វើជាម្ចាស់ផ្ទះកីឡា SEA Games លើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខតែម្ដង ៕