ភ្នំពេញ៖ ដំណាក់កាលទី១ នៃការប្រកួតបាល់ទាត់ ពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen-Cup លើកទី៩ ឆ្នាំ២០១៥ គិតត្រឹមមក ដល់ពេលនេះ គឺនៅសល់រយៈពេល ប្រមាណជាងមួយខែ ទៀតប៉ុណ្ណោះ ការប្រកួតនឹង ចាប់ផ្ដើមហើយ ។
ព្រឹត្តិការណ៍លំដាប់ទី២ របស់កម្ពុជានេះ សម្រាប់ដំណាក់កាលទី១ ឬការប្រកួតជម្រុះ តាមតំបន់ នឹងចាប់ផ្ដើមប្រកួត នៅថ្ងៃទី០៨-១៤ ខែមករា ឆ្នាំ២០១៥ខាងមុខ ដោយបែងចែកជា ៦តំបន់ដូចឆ្នាំមុនៗដែរ ពោលគឺតំបន់រាជធានីភ្នំពេញ មាន ១៦ក្រុមចូលរួម ប៉ុន្ដែជម្រុះយកតែ ៣ក្រុមប៉ុណ្ណោះ ដើម្បីឡើងទៅប្រកួតវគ្គបន្ដ ។ រីឯតំបន់ខាងកើត, កណ្ដាល, ខាងលិច និងតំបន់ខាងត្បូង សុទ្ធតែមាន ៥ក្រុមចូលរួមដូចគ្នា លើកលែងតែ តំបន់ខាងជើង ដែលមានត្រឹម ៤ក្រុមចូលរួម ប៉ុន្ដែក្នុងចំណោម តំបន់នីមួយៗ នឹងប្រកួតជម្រុះយកតែ ១ក្រុមប៉ុណ្ណោះ ដើម្បីមកប្រកួត វគ្គផ្ដាច់ព្រ័ត្រនៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ក្នុងការប្រកួតជម្រុះ ដំណាក់កាលទី១ នឹងមិនមានវត្ត មាន៨ក្រុមក្នុង League ចូលរួមប្រកួតទេពោល គឺមានក្រុមភ្នំពេញក្រោន, បឹងកេត, ណាហ្គាខប, ស្វាយរៀង, ត្រាយអាស៊ី, ប៉ូលិស, បៀលប្រាយ និងក្រុមអាស៊ីអឺរ៉ុប ដែលក្រុមទាំងនេះ ត្រូវឈរចាំប្រកួត នៅដំណាក់កាលទី២ ឬវគ្គផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិតែម្ដង ប៉ុន្ដែមិនមានកីឡាករ បរទេសចូលរួម ប្រកួតនោះទេ ។ ចំពោះដំណាក់កាលទី២ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ ខែមករា រហូតដល់ថ្ងៃទី១៤ ខែមីនាទើបបញ្ចប់ ។
គួរបញ្ជាក់ថា សម្រាប់ក្រុមចូលរួមដំណាក់កាលទី១រួមមាន តំបន់រាជធានីភ្នំពេញ មានក្រុមខណ្ឌ ៧មករា, ចំការមន, ដូនពេញ, ទួលគោក, ឬស្សីកែវ, ពោធិសែនជ័យ, សែនសុខ, អាល់ប៊ីរិចនីហ្គាតា, គិរីវង់, វេស្ទើន, ក្រសួងការពារជាតិ, ខណ្ឌដង្កោ, មានជ័យ, ជ្រោយចង្វារ, ច្បារអំពៅ និងក្រុមព្រែកព្នៅ ។ តំបន់ខាងកើតមានក្រុមព្រៃវែង, ស្វាយរៀង, កំពង់ចាម, កណ្ដាល និងក្រុមខេត្តត្បូងឃ្មុំ ។ តំបន់កណ្ដាល មានក្រុមកំពង់ធំ, សៀមរាប, បន្ទាយមានជ័យ, ឧត្ដរមាន ជ័យ និងក្រុមខេត្តព្រះវិហារ ។ តំបន់ខាងលិចមានក្រុមប៉ៃលិន, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ។ តំបន់ខាងត្បូងមានក្រុមខេត្តតាកែវ, កំពត, កែប, ព្រះសីហនុ និងខេត្តកោះកុង និងតំបន់ខាងជើងមានក្រុមខេត្តមណ្ឌលគីរី, រតនៈគិរី, ក្រចេះ និងខេត្តស្ទឹងត្រែង ៕