ក្រុងម៉ាឌ្រីដ៖ ក្រុមការពារតំណែង ជើងឯកស្តេចស Real Madrid បន្តធ្វើបានល្អឥតខ្ចោះ ដដែលតាមរយៈ មិនរបូត១គ្រាប់សោះ ពេលបំបាក់ក្រុមភ្ញៀវ UD Cornella ៥-០ យប់មិញនេះ ក្នុងក្របខណ្ឌទី២ របស់អេស្ប៉ាញ Copa del Rey នៃជុំទី៤ ។
នេះជាការធ្វើបានល្អបំផុតក្នុងជើងទី២ ក្នុងខណៈដែលជើងទី១ ក៏បានយកឈ្នះ Cornella ៤-១ ដែរនោះសរុបលទ្ធផលទាំង ពីរជើងគឺ ៩-១ នៃកីឡដ្ឋាន Santiago Bernabeu ដោយបានធ្វើការនាំមុខ ៣-០ ត្រឹមវគ្គទី១ ពីការធ្វើបានសម្រេច ដោយកីឡាករ James Rodriguez នៅនាទី១៦ និង ៣៤ ជាមួយនឹង Isco ធ្វើបានសម្រេច ១គ្រាប់ដែរនៅនាទី៣២ ។
ការចាប់ផ្តើមលេងក្នុងវគ្គទី២ Real Madrid នៅបន្តសម្រុកដដែល និងរកបាន ២គ្រាប់បន្ថែមទៀត នៅនាទី៦០ពីការ ធ្វេសប្រហែសចូលទីខ្លួនឯង ដោយកីឡាករ Lopez Hinojosa និង Jese បន្ថែមគ្រាប់ទី៥ នៅនាទី៧៧ ជាកិច្ចបង្ហើយបុណ្យ ។ ក្រុមជើងឯកពាន Champions League រដូវកាលមុនមួយនេះ លេងបានល្អណាស់ ក្នុង៣ពានមានដូចជា Champions League, La Liga និង Copa del Rey ក្រោយបន្ថែម កីឡាករសំខាន់ៗ ក្នុងរដូវកាលនេះ មានដូចជា James Rodriguez និងអ្នកចាំទី Keylor Navas ជាដើម ។