ក្រុងឡុងដ៍៖ កីឡាករខ្សែបម្រើប្រយុទ្ធ Jack Wilshere បានរងរបួសកជើងជាទម្ងន់នៅអំឡុងក្រុមម្ចាស់ផ្ទះ Arsenal បានប្រកួតចាញ់ក្រុម ភ្ញៀវបិសាចក្រហម Manchester United ២-១ កាលពីរាត្រីថ្ងៃសៅរ៍ក្នុង Premier League សប្តាហ៍មុននេះ ។
តារាឆ្នើមជនជាតិអង់គ្លេស វ័យ២២ឆ្នាំ Wilshere ជាតួអង្គសំខាន់មួយរូបបើទោះបីជាមិនជួយឲ្យក្រុមកាំភ្លើងធំធ្វើការ នាំមុខ និងរងបាន៣ពិន្ទុ នៅកីឡដ្ឋាន Emirate ក៏ដោយ ក្រៅពីបានប៉ះទង្គិចគ្នាជាមួយនឹងខ្សែការពារក្រុមបិសាចក្រហម Paddy McNair នាអំឡុងប្រកួតក្នុងវគ្គទី២ និងត្រូវបានប្តូរចេញវិញភ្លាមៗនោះ ។
អ្នកចាត់ចែងការទូទៅក្លឹប Arsenal លោក Arsene Wenger បានថ្លែងប្រាប់គេហទំព័រ BBC ថា “ខ្ញុំមិនចង់និយាយពី ផលអវិជ្ជមានក្នុងក្លឹប ច្រើនណាស់ណាទេនៅពេលនេះ ក៏ព្រោះតែខ្ញុំមិនមែនជាអ្នកជំនាញខាងវេជ្ជសាស្ត្រនោះទេ តែ កីឡាករវ័យក្មេងរូបនេះ អាចនឹងអវត្តមានពីក្លឹប រយៈពេល២ទៅ៣សប្តាហ៍ប៉ុណ្ណោះ” ។
Arsenal នឹងត្រូវធ្វើការធ្ងន់នាម៉ោង ០២ និង ៤៥នាទីរំលងអធ្រាត្រយប់នេះដោយប៉ះជាមួយក្រុមភ្ញៀវជើងខ្លាំងមកពី អាល្លឺម៉ង់ Borussia Dortmund ក្នុងព្រឹត្តិការណ៍ Champions League ប្រចាំពូល D មុនធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ West Bromwich Albion នារាត្រីថ្ងៃសៅរ៍ក្នុង Premier League ដោយពុំមានវត្តមាន Jack Wilshere នោះឡើយ ៕