តៃវ៉ាន់៖ ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជាបានលត់ក្រុមម្ចាស់ផ្ទះចិនតៃវ៉ាន់មិនឲ្យងើបមុខរួច ដោយលទ្ធផលបច្ចេកទេស ២-០ ដាច់ ក្នុងជំនួបមិត្តភាពអន្តរជាតិល្ងាចមិញនេះ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពានរង្វាន់ Suzuki Cup ឆ្នាំ២០១៤ ដែលនឹងធ្វើឡើងនៅក្នុងប្រទេសឡាវនាពេលខាងមុខ ។
កម្ពុជាមិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះតៃវ៉ាន់បានទេក្នុងវគ្គទី១ គឺរក្សាលទ្ធផលស្មើ ០-០ បណ្តោះអាសន្ន តែត្រូវបានកីឡាករ ខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា រកបាន២គ្រាប់ម្នាក់ឯង នៅសល់៣នាទីនឹងបញ្ចប់ការប្រកួតពេញម៉ោងដែលបាន ក្លាយជាជ័យជំនះទី១ នៅលើឆាកអន្តរជាតិក្នុងចំណោម៣ប្រកួតមិត្តភាពចុងក្រោយ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ១-០ និងចាញ់ម្ចាស់ផ្ទះម៉ាឡេស៊ី ៤-១ នោះ ៕