ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលោក សៅ សុខា បានមានប្រសាសន៍ថា “បាល់ទាត់អាចរីកចម្រើន និងដើរទៅមុខបានលឿន វាអាស្រ័យលើការខិតខំប្រឹងប្រែងទាំងអស់គ្នា ជាពិសេសគឺការឧបត្ថម្ភពីវិស័យឯកជន ប៉ុន្ដែ បើគ្មានការឧបត្ថម្ភទេនោះបាល់ទាត់កម្ពុជា ក៏មិនអាចដំណើរបានល្អដែរ” ។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ច ព្រមព្រៀងផ្សាយពាណិជ្ជកម្ម រវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និងក្រុមហ៊ុនទូរស័ព្ទ មិត្តហ្វូននៅសណ្ឋាគារ កាំបូឌីយ៉ាណានាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ លោកឧត្តមសេនីយ៍ សៅ សុខា បានមាន ប្រសាសន៍ថា ក្រុមហ៊ុនឯកជន គឺជាដៃគូឧបត្ថម្ភដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យ កីឡាបាល់ទាត់កម្ពុជា ។
លោកបន្ដថា ជាក់ស្ដែងនៅពេលនេះ ក្រុមហ៊ុនមិត្តហ្វូន បានបន្ដកិច្ចសន្យារយៈពេល ៣ឆ្នាំទៀតចាប់ពី ឆ្នាំ២០១៦-២០១៨ខាងមុខ ដើម្បីចូលរួមជួយដល់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ ទាត់លីក កំពូលនៅកម្ពុជា ដែលគេប្រសិទ្ធនាមថា ពានរង្វាន់ Metfone Cambodia League ក្នុងទំហំទឹកប្រាក់សរុបចំនួន ១.៥លានដុល្លារអាម៉េរិក ។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា តាមរយៈការឧបត្ថម្ភនេះហើយ ទើបធ្វើឲ្យការរៀបចំព្រឹត្តិការណ៍ ប្រកួត បាល់ទាត់ថ្នាក់ជាតិ ទទួលបានជោគជ័យ និងការគាំទ្រយ៉ាងច្រើនពី សំណាក់មហាជន ដែលស្នេហាវិស័យ កីឡាកម្ពុជា ។ លោកសង្កត់ធ្ងន់ថា “បើគ្មានការឧបត្ថម្ភ ពីវិស័យឯកជននោះកីឡាបាល់ទាត់កម្ពុជា ក៏មិនអាចដំណើរការបានឆាប់រហ័សដែរ” ។
ជាមួយគ្នានោះដែរលោក Hoag Trung Thanh អគ្គនាយកក្រុមហ៊ុនមិត្ដហ្វូនបានថ្លែងឲ្យដឹងថា ក្រុមហ៊ុនលោក នឹងបន្ដចូលរួមជួយអភិវឌ្ឍន៍ កីឡាបាល់ទាត់កម្ពុជាទៀត ជាពិសេសគឺការផ្ដល់ឱកាស ឲ្យយុវជនចូលរួម លេងកីឡាឲ្យបានកាន់តែច្រើន ដើម្បីបញ្ចៀសការ ប្រើប្រាស់គ្រឿងញៀន និងដើរទៅរកផ្លូវខុស ៕