ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ស្អែកនេះនឹងធ្វើការចុះហត្ថលេខា បន្ដកិច្ចព្រមព្រៀង ជាមួយដៃគូ ឧបត្ថម្ភធំរបស់ខ្លួន គឺក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន ដើម្បីទទួលយកថវិកាប្រមាណ ១,៥០០,០០០ដុល្លារអាម៉េរិក មករៀបចំព្រឹត្តិការណ៍ បាល់ទាត់លីកកំពូលកម្ពុជា ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ ២០១៦-២០១៨ខាងមុខ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅថ្ងៃទី០៧ ខែតុលានេះបានឲ្យដឹងថា នេះគឺជាលើកទី៣ ហើយដែលសហព័ន្ធ និងក្រុមហ៊ុនមិត្ដហ្វូន បន្ដកិច្ចសន្យាជាមួយគ្នា ដើម្បីរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ Metfone Cambodia League រដូវកាលឆ្នាំ២០១៦-២០១៨ ។
ប្រភពព័ត៌មានដដែលបានបន្ដឲ្យដឹងថា ក្នុងពិធីចុះកិច្ចព្រមព្រៀងខាងលើ នឹងប្រព្រឹត្តទៅក្រោមវត្តមាន លោក សៅ សុខា ប្រធានសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា និងលោក Hoag Trung Thanh អគ្គនាយក្រុមហ៊ុន មិត្ដហ្វូននាវេលាម៉ោង ១១ ព្រឹកថ្ងៃទី០៨ ខែតុលាស្អែកនេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។
តាមរយៈកិច្ចសន្យាជាដៃគូឧបត្ថម្ភដ៏ធំមួយនេះ សហព័ន្ធកីឡាបាល់ទាត់ កម្ពុជាបានផ្ដល់សិទ្ធិ ជាពិសេសមួយចំនួនឲ្យក្រុម ហ៊ុនមិត្តហ្វូន ដូចជាការដាក់ ឈ្មោះការប្រកួត ការផ្សព្វផ្សាយពាណិជ្ជកម្មរាល់ការប្រកួតក្នុង រដូវកាលនីមួយៗជាដើម ។
គួរបញ្ជាក់ថា ក្រុមហ៊ុនមិត្តហ្វូន បានចុះកិច្ចសន្យាជួយ FFC រៀបចំព្រឹត្តិការណ៍ Metfone Cambodia League ចំនួន ២លើកមកហើយ ដោយលើកទី១ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១២ និងលើកទី២ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ ពោលគឺនៅសល់មួយ រដូវកាលទៀតទើបបញ្ចប់ ៕