ខណៈពេលដែលក្រុមហ៊ុន Apple បង្ហាញសេវាកម្មទូទាត់ សាច់ប្រាក់តាមរយៈទូរស័ព្ទដៃ (Apple Pay) នោះ ស្រាប់តែនៅពេលនេះ មានព័ត៌មានលេចឮមកថា Facebook នឹងបង្ហាញសេវាកម្ម វេរលុយតាមរយៈកម្មវិធី Facebook Messenger។
សិស្សផ្នែកវិទ្យាសាស្ត្រ កុំព្យូទ័រនៃសកលវិទ្យាល័យ Stanford លោក Andrew Aude បានបង្ហោះរូបភាព ចំនួនពីរសន្លឹកនៅលើបណ្ដាញសង្គម Twitter ដោយបានអះអាងថា នោះជាសេវាកម្មថ្មីក្នុង ការផ្ទេរលុយតាមរយៈកម្មវិធី Facebook Messenger។
Aude បានបញ្ជាក់ថា ដើម្បីប្រើប្រាស់សេវាកម្មនេះបាន តម្រូវឲ្យអ្នកប្រើប្រាស់ត្រូវ ចុះឈ្មោះប្រើគណនី Debit ឬ Credit card ក្នុងការផ្ទេរលុយពីគណនីមួយ ទៅគណនីមួយទៀត តាមរយៈកម្មវិធី Facebook Messenger។ បើទោះបីជាសេវាកម្មនេះត្រូវបាន Facebook ប្រកាសជាផ្លូវការក្ដី ប៉ុន្តែតាមការសង្កេតគឺ អាចប្រើប្រាស់បានតែ ប្រទេសមួយចំនួនប៉ុណ្ណោះ មិនអាចប្រើបានពេញ ទាំងសកលលោកនោះទេ ព្រោះថា Facebook ត្រូវបានទំនាក់ទំនងជាមួយ នឹងភ្នាក់ងារផ្ទេរប្រាក់ណាមួយ ដើម្បីប្រតិបត្តិការសេវាកម្មនេះ៕