ហ៊ែលស៊ីនគី៖ ក្រុមហ៊ុនបង្កើតហ្គេមដ៏មានប្រជាប្រិយភាព Angry Bird ឈ្មោះថា "Rovio" របស់ប្រទេសហ្វាំងឡង់ បានប្រកាសឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២ ខែ តុលា ឆ្នាំ២០១៤ថា ក្រុមហ៊ុន នឹងត្រូវធ្វើការកាត់បន្ថយបុគ្គលិករបស់ខ្លួនប្រមាណ១៣០នាក់ ។ នេះជាតួលេខមួយដែលកាត់បន្ថយ បុគ្គលិកប្រមាណ១/៥ នៃចំនួនបុគ្គលិកទាំងអស់។
គេបានដឹងថា ហ្គេមដែលមានប្រជាប្រិយភាព ដែលមានអ្នកចូលចិត្តលេងដ៏ច្រើនសន្ធឹក សន្ធាប់ ឈ្មោះថា Angry Bird នោះ ត្រូវបានផលិតឡើង ដោយក្រុមហ៊ុនមួយឈ្មោះថា Rovio ដែលមានប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសហ្វាំងឡង់ ។
លោក Mikael Hed នាយកប្រតិបត្តិក្រុមហ៊ុនខាងលើ បានកត់សម្គាល់ឲ្យដឹងថា ទីតាំង របស់ក្រុមហ៊ុនគឺនៅប្លុកតែមួយគត់នៅក្នុងប្រទេសហ្វាំងឡង់ ។ ការកើនឡើងនូវវិស័យ លេងហ្គេមនេះ ហាក់បីដូចជាកើនឡើងយឺតជាងការរំពឹងទុក ហេតុដូច្នេះក្រុមហ៊ុនត្រូវ ធ្វើការកែសម្រួលរចនាសម្ព័ន្ធ ការងារថ្មីឲ្យបានប្រសើរឡើងវិញ ។
ក្រុមហ៊ុននឹងផ្តោតសំខាន់ លើប្រព័ន្ធផ្សព្វផ្សាយ ហ្គេម និងផលិតផលដែលតម្រូវចិត្ត អ្នកប្រើប្រាស់ទាំងឡាយ ។ នៅក្នុងសេចក្តីប្រកាស ចេញដោយ Rovio បានឲ្យដឹងថា ថ្វីត្បិតតែក្រុមហ៊ុន មិនមានអ្វី ដែលប្រសើរណាស់ណាដល់ការជំរុញឲ្យបានទូលំទូលាយលើប្រព័ន្ធផ្សព្វផ្សាយ តែទោះជាយ៉ាងនេះក្តី ក្រុមហ៊ុនជាផ្នែកមួយដែលជួយដល់ការបញ្ច្រៀបនូវបច្ចេកវិទ្យាខ្ពស់ដល់ប្រទេសនេះដែរ ។
នៅក្នុងកិច្ចសន្ទនាជាសាធារណៈ គេបាននិយាយថា អ្នកលេងហ្គេមខ្លះបានភ្ជាប់ហ្គេមនេះ ជាមួយទូរស័ព្ទដែលផលិតឡើងដោយក្រុមហ៊ុន Nokia ដែលបានផ្ទេរបច្ចេកវិទ្យាដល់ Rovio ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ៕