ភ្នំពេញ៖ នាពីព្រឹកមិញនេះ លោកឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រីទីស្ដីការគណៈ រដ្ឋមន្ដ្រីបានជួបសំណេះសំណាល ជាមួយអត្តពលិក និងប្រតិភូដែលត្រូវទៅ ចូលរួមប្រកួតកីឡា ជើងឯកអាស៊ី (Asain Games) លើកទី១៧ នៅទីក្រុង Inchoen សាធារណៈរដ្ឋ កូរ៉េខាងត្បូង មុននឹងចេញដំណើរ នៅយប់ថ្ងៃទី១៥ ខែកញ្ញានេះ តាមជើងយន្ដហោះភ្នំពេញ អន្ដរជាតិ ។
ក្នុងពិធីសំណេះសំណាលខាងលើនេះ លោកឧបនាយករដ្ឋមន្ដ្រី សុខ អាន បានលើកទឹកចិត្តដល់អត្តពលិក និងដាស់ តឿនស្មារតីឲ្យមានឆន្ទៈខ្ពស់ ដើម្បីដណ្ដើមមេដាយ ជូនប្រទេសជាតិរបស់ខ្លួន ។ ប៉ុន្ដែគ្រប់អត្តពលិកទាំងអស់ ត្រូវប្រកាន់ ភ្ជាប់ឲ្យបាននូវក្រមសីលធម៌ និងគោរពវិន័យការប្រកួត ឲ្យបានត្រឹមត្រូវ ព្រោះការចូលរួមនេះ មិនមែនជារឿងបុគ្គលផ្ទាល់ ខ្លួនប៉ុណ្ណោះទេ តែវាក៏ជាកិត្តិយសជាតិ ទាំងមូលផងដែរ ។
ក្នុងឱកាសនោះដែរ គេឃើញមានវត្តមាន ចូលរួមពីសំណាក់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា រួម ទាំងមន្ដ្រីពាក់ព័ន្ធ ជាច្រើននាក់ទៀត ។
គួរបញ្ជាក់ថា ដំណើរឆ្ពោះទៅប្រកួតកីឡា Asain Games លើកទី១៧ និងជាខួបលើកទី ៦០សម្រាប់ការវិលត្រឡប់ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ប្រចាំតំបន់សាជាថ្មីនេះ កម្ពុជាបានបញ្ជូនកីឡាចំនួន៧ ប្រភេទទៅចូលរួមក្នុងនោះមាន កីឡាតេក្វាន់ដូ, ចំបាប់, វាយកូនបាល់, យូដូ, ហែលទឹក, អត្តពលកម្ម និងបាល់ឆ្នេរខ្សាច់ ដែលត្រូវចេញដំណើរតាម ជើងយន្ដហោះភ្នំពេញអន្ដរជាតិ នាវេលាម៉ោង ១១:២០នាទីយប់នេះ ៕