ភ្នំពេញ៖ ព្រឹត្តិការណ៍ Open House ប្រចាំឆ្នាំឆ្នាំ២០១៦ លើកទី៦ដែលរៀបចំឡើង ដោយមជ្ឈមណ្ឌល កីឡាស៊ីស៊ីស៊ី (CCC) កាលថ្ងៃទី១៣ ខែកញ្ញាកន្លងទៅនេះ ទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនជាតិ និងអន្តរជាតិ រាប់ពាន់នាក់ ចូលរួមលេងកម្សាន្ត ។
ព្រឹត្តិការណ៍ Open House នេះទស្សនិកជន អាចចូលលេងដោយសេរី មិនមានការបង់ថ្លៃលេងទេ ទៅលើកីឡាគ្រប់ ប្រភេទរួមមាន ជិះសេះតូច វាយកូនបាល់ សួនសត្វ ជិះស្គី គុនដាវ បាល់បោះ បាញ់ព្រួញ ក្លឹបកុមារ បាល់ទះលើខ្សាច់ បាល់ទាត់លើខ្សាច់ បោកចំបាច់ជប៉ុន វាយសី និងហែលទឹកជាដើម ហើយនៅពេលរសៀល មានការបង្ហាញ Show Jumping សៀករហ័សកម្ម និងការប្រគំតន្ត្រីទៀតផង ។
កម្មវិធី Open House ប្រចាំឆ្នាំលើកទី៦នេះ បានផ្តល់ឱកាសជូនដល់ ជាសមាជិក និងមិនសមាជិករបស់ មជ្ឈមណ្ឌល កីឡា CCC បែបភ្ញៀវជាលក្ខណៈ គ្រួសារដែលមានរយៈពេល ៣ថ្ងៃគឺនៅថ្ងៃទី១៣ និងថ្ងៃ២៧ ខែកញ្ញា ព្រមទាំងនៅថ្ងៃទី ៤ខែតុលា ឆ្នាំ២០១៤ ។
លោកស្រី លន់ រស់ មន្ត្រីទំនាក់ទំនងព័ត៌មាន ទូទៅនៃមជ្ឈមណ្ឌលកីឡា CCC មានប្រសាសន៍ថា “ព្រឹត្តិការណ៍ Open House នេះត្រូវបានធ្វើឡើង ជារៀងរាល់ឆ្នាំអស់រយៈពេល ចំនួន៦ឆ្នាំមកហើយ ដោយមានការចូលរួម ពីមហាជនរាប់ម៉ឺន នាក់នូវសកម្មភាពកីឡា ជាច្រើនប្រភេទ ដើម្បីឲ្យក្មេងចាប់អារម្មណ៍ និងចាប់យកកីឡាជំនាញ ណាមួយតាមចំណង់ ចំណូលចិត្ត” ។
លោកស្រីបានបន្តថា ការរៀបចំព្រឹត្តិការណ៍នេះ មានបំណងដើម្បីបណ្តុះបណ្តាល កីឡាថ្នាក់ថា្នលដំបូង សម្រាប់កុមារា កុមារី ដើម្បីផ្តល់ឱកាសឲ្យពួកគេ ចាប់យកជំនាញ កីឡាណាមួយសម្រាប់ ពេលអនាគត ព្រោះសព្វថ្ងៃនេះគ្រប់ប្រភេទ មួយចំនួននៅក្នុង មជ្ឈមណ្ឌលកីឡា CCC បានឈានជើងចូល ព្រឹតិ្តការណ៍នៃការប្រកួត លើឆាកអន្តរជាតិ ជាពិសេស មជ្ឈមណ្ឌលកីឡា CCC តែងតែជួយលើកស្ទួយ វិស័យកីឡាយ៉ាងខ្លាំង ក្នុងប្រទេសកម្ពុជាជានិច្ច ៕