អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United របស់លោក Louis van Gaal ទទួលបាន៣ពិន្ទុដំបូងនៅទឹកដី Old Trafford របស់ខ្លួន ក្រោយពីបាន បំបាក់ក្រុមភ្ញៀវ Queens Park Rangers (QPR ) ៤-០ ប្រចាំសប្តាហ៍ទី៤នៃ Premier League រដូវកាលឆ្នាំ២០១៤-២០១៥យប់មិញនេះ ។
៣ពិន្ទុបន្ថែមនេះដែរបានធ្វើឲ្យ Man Utd មាន៥ពិន្ទុឡើងទៅឈរនៅ លេខរៀងទី៩បណ្តោះអាសន្ន បន្ទាប់ពីឆ្លងកាត់ ៤ប្រកួត ឈ្នះ១ ស្មើ២(Burnley 0-0 Man Utd, Sunderland ១-១ Man Utd) និងចាញ់១ (Man Utd ១-២ Swansea City) ។ ៤គ្រាប់របស់បិសាចក្រហម កើតនៅនាទីរៀងគ្នា ២៤ ៣៦ ៤៤ និង ៥៨ ដោយកីឡាករ Di Maria, Herrera, Rooney និងមិត្តរួមក្រុម Juan Mata ។
Man Utd បានចាប់ផ្តើមនូវទម្រង់លេងដ៏ល្អឥតខ្ចោះតាមរយៈ មិនបានរបូតសូម្បីមួយគ្រាប់សោះ និងផ្តល់ឱកាសតិចតួច ឲ្យក្រុមរបស់លោក Harry Rednepp នៅនៅពីមុខទីរបស់ខ្លួន ខណៈដែលសមាជិកចំណូល ថ្មីកីឡាករខ្សែបម្រើ Angel di Maria ជាអ្នកបង្កើតឱកាសដ៏ច្រើនឲ្យ Man Utd បូករួមទាំងមិត្តរួមក្រុម Daley Blind, Jonny Evans និង Ander Herrera ជាដើម ។
តែយ៉ាងណាមិញសម្រាប់កីឡាករខ្សែប្រយុទ្ធដែលទើបតែទិញបានពីក្លឹបបារាំង AS Monaco, Radamel Falcao ស្ទើរមានឱកាសរកបាន ១គ្រាប់ទៅហើយ តែស៊យទាត់ទៅចំនឹងអ្នកចាំទីគួរឲ្យស្តាយ បន្ទាប់ពីបានប្តូរចូលលេងក្នុងវគ្គទីនៅ មុនពេលសល់១៥នាទី នឹងបញ្ចប់ការប្រកួត ហើយនោះជំនួស កីឡាករអេស្ប៉ាញ Juan Mata ដែលរកបានគ្រាប់ទី៤នោះ និង Antonio Valencia ជំនួស Rafael ៕