ក្រុងមែនឆេស្ទើ៖ កីឡាករខ្សែប្រយុទ្ធដែល ទើបតែបានជួយឲ្យហូឡង់ ជាប់ចំណាត់ថ្នាក់លេខ៣ នៅ World Cup 2014 Robin van Persie នឹងលេងចាប់ដៃ គូជាមួយខ្សែប្រយុទ្ធ ចំណូលថ្មី Radamel Falcao លើកដំបូងដើម្បីស្វែង ៣ពិន្ទុនៅ Old Trafford ពេលជួបនឹងក្រុមភ្ញៀវ QPR នារាត្រីថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ។
នេះជាមួយប្រកួតសំខាន់លើកទី២ នៅកីឡដ្ឋាន Old Trafford បន្ទាប់ពីបានបរាជ័យ ស្ពឹកមុខនៅថ្ងៃបើកឆាក Premier League ក្រោមថ្វីជើង របស់ក្រុមភ្ញៀវ Swansea City ដោយលទ្ធផលបច្ចេកទេស ២-១ និងមិនទាន់រកបាន ៣ពិន្ទុដំបូង នៅឡើយទេឆ្លងកាត់ ៣ប្រកួតមកនេះគឺស្មើ២ និងចាញ់១ ។
ទាំង Van Persie, Wayne Rooney និង Radamel Falcao សុទ្ធតែជាកីឡាករសំខាន់ ស្ថិតក្នុងបញ្ជីដំបូងរបស់លោក គ្រូបង្វឹក Louis van Gaal ក្នុងការស្វែង៣ពិន្ទុ ដំបូងក្នុងទឹកដី ហើយក៏ជាកីឡាករ ដែលមិនអាចខ្វះបានទេនៅក្នុងក្លឹប ដែលកំពុងតែធ្លាក់កូដនេះទេ ក្នុងការប្រជែងយកពាន Premier League ក៏ដូចជាកៅអីលេងនៅ Champions League ត្រឡប់មកវិញផងដែរ ។
ការដាក់សមាជិកថ្មី Falcao ដែលទើបតែខ្ចីជើង ពីក្លឹបបារាំង AS Monaco គឺដើម្បីជំនួសកន្លែងរបស់ តារាជនជាតិ អង់គ្លេស Danny Welbeck ដែលទើបតែលក់ទៅ Arsenal កាលពីសប្តាហ៍មុន ក្នុងតម្លៃ១៦លានផោន ហើយក៏រំពឹងថា សហការគ្នាជាមួយ Van Persie ក្នុងការទទួលបាន ជោគជ័យផងដែរ ។ តារាជនជាតិហូឡង់ វ័យ៣១ឆ្នាំ Persie លេង មិនបានល្អទាល់តែសោះ ក្នុង៤ប្រកួតចុងក្រោយនេះ និងរកមិនបានសូម្បី តែមួយគ្រាប់សោះ ទាំងនៅក្លឹប Man Utd និង ក្រុមជម្រើសជាតិហូឡង់ ក្រៅពីហូឡង់ចាញ់ អ៊ីតាលី ២-០ ក្នុងមិត្តភាព និងបន្តចាញ់ក្រុមម្ចាស់ផ្ទះ សាធារណរដ្ឋឆេក ២-១ ទៀតក្នុងវគ្គជម្រុះ UEFA Euro 2016 ៕
ខ្សែប្រយុទ្ធ Robin van Persie
ខ្សែប្រយុទ្ធ Radamel Falcao