ក្រុងបាសេឡូណា៖ កីឡាករខ្សែប្រយុទ្ធដ៏មុតស្រួចដែល កំពុងជាប់បម្រាមរយៈពេល ៤ខែ Luis Suarez អាចនឹងចូលលេងក្នុងក្លឹប អាជីពវិញបានហើយ ពោលគឺចំពេលដែល FC Barcelona ប៉ះជាមួយក្រុមខ្លាំងស្តេចស Real Madrid ក្នុងក្របខណ្ឌ La Liga BBVA ជើងទី១រដូវកាលឆ្នាំ២០១៤-២០១៥ នារាត្រីថ្ងៃអង្គារឈានចូល ថ្ងៃពុធ ទី២៥ ខែតុលា ខាងមុខ ។
ក្នុងជំនួបដែលត្រូវបានគេប្រសិទ្ធនាមថា El Clasico របស់អេស្ប៉ាញ គឺជាពេលដែលតារា ឆ្នើមជនជាតិអ៊ុយរូហ្គាយវ័យ ២៧ឆ្នាំរួចផុតពីបម្រាម ដែលត្រូវបាន FIFA និងតុលាការកីឡាបានពិន័យព្យួរការ ប្រកួតតាំងពីខែកក្កដា ពីបទខាំស្មា កីឡាករខ្សែការពារ ជនជាតិអ៊ីតាលី Giorgio Chiellini នាអំឡុងប្រកួតបាល់ទាត់ ពិភពលោក ឆ្នាំ២០១៤នៅប្រទេស ប្រេស៊ីលដោយចេតនា ។
Luis Suarez នឹងត្រូវបានដាក់ចូលលេងជាលើកដំបូងនៅក្នុងក្លឹប នៅក្រោយពេលដែល FIFA បានអនុញ្ញាតឲ្យចូល លេងក្នុងក្លឹប Barcelona លើកទី១ក្នុងជំនួបមិត្តភាព ពេលក្រុមរងជើងឯកឆ្នាំទៅ មួយនេះបានប្រកួតឈ្នះ ក្រុមភ្ញៀវមកពី ប្រទេសម៉ិចស៊ិក Leon ៦-០ កាលពីខែមុននេះ ក្រោមការដឹកនាំពីសំណាក់ គ្រូបង្វឹកថ្មី Luis Enrigue ។ ឆ្លងកាត់២ប្រកួតនារដូវកាលថ្មីនេះ Barcelona កំពុងក្តោបក្តាប់កំពូលតារាង La Liga ក្រោយឈ្នះ២ប្រកួត ជាប់គ្នាមាន៦ពិន្ទុពេញ ខណៈដែលក្រុមការពារ តំណែងជើងឯក Atletico Madrid កំពុងឈរនៅលេខរៀងទី៦ បណ្តោះអាសន្នដោយ មាន៤ពិន្ទុ នៅឡើយពីការឈ្នះ១ និងស្មើ១នោះ ៕