ភ្នំពេញៈ ព្រឹត្តិការណ៍ប្រណាំងរថយន្ដ-ម៉ូតូឆ្លងកាត់ឧបសគ្គ ជើងឯកអាស៊ីលើកទី៤ (Asia Cross Country Rally 2014) គិតត្រឹមថ្ងៃទី១៤ ខែសីហានេះក្បួនរថយន្ដ និងម៉ូតូកំពុងតែធ្វើការប្រកួតប្រជែង យ៉ាងស្វិតស្វាញ នៅលើផ្លូវលំតូចៗដ៏ លំបាកពីខេត្តបាត់ដំបង ឆ្ពោះមកកាន់រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីមន្ដ្រីរៀបចំព្រឹត្តិការណ៍ អន្ដរជាតិខាងលើនេះ បានឲ្យដឹងថា ក្បួនរថយន្ដ-ម៉ូតូប្រណាំងប្រមាណជិត ១០០គ្រឿងដែលចេញពី ប៉ាតាយ៉ា ប្រទេសថៃ កាលពីថ្ងៃទី០៩ ខែសីហាមកនោះ បានមកដល់ទឹកដីកម្ពុជា តាមច្រកទ្វារ អន្ដរជាតិប៉ោយប៉ែត តាំងពីថ្ងៃទី១២ ខែសីហាមកម្ល៉េះ ហើយនៅថ្ងៃទី១៣ ទើបក្បួនដដែល ធ្វើការប្រកួតណាំង ប្រជែងឆ្លងកាត់ខេត្តបន្ទាយមានជ័យ មកសម្រាកនៅ ខេត្តបាត់ដំបង ។
ប្រភពព័ត៌មានដដែល បានបន្ដឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែសីហានេះ ក្រុមកីឡាករជម្រើសជាតិសាសន៍ ទាំង៦ប្រទេស ដែលមកពីបណ្ដា ប្រទេសក្នុងតំបន់អាស៊ីនោះ បានចេញដំណើរ ពីខេត្តបាត់ដំបងឆ្លងកាត់៤ ខេត្តផ្សេងទៀត គឺ មានខេត្តពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ស្ពឺ និងខេត្តកណ្ដាល ដើម្បីមកឈប់សម្រាក នៅសណ្ឋាគារកាបូឌីយ៉ាណា រាជធានីភ្នំពេញយប់នេះ ។
ចំពោះលទ្ធផលនៃការប្រណាំង ប្រជែងអស់រយៈពេល៥ថ្ងៃ (ថ្ងៃទី០៩-១៣ ខែសីហា) កន្លងទៅនេះសម្រាប់ កីឡាករកម្ពុជា គឺទទួលបានលទ្ធផលល្អ ប្រសើរខ្លាំងណាស់ ដោយវគ្គទី១ និងវគ្គទី២ នៅលើទឹកដីប្រទេសថៃ កីឡាករ ទូច ថាច របស់កម្ពុជាទទួល បានចំណាត់ថ្នាក់លេខ២ និងកីឡាករ គួន ផាន់ដារ៉ា ទទួលបានលេខ៣ ។ រីឯវគ្គទី៣ កីឡាករ ជាលី ឃៀង ទទួលបានចំណាត់ថ្នាក់លេខ២ និង គួន ផាន់ដារ៉ា ទទួលបានលេខ៣ ។ ចំណែកវគ្គទី៤ កីឡាករ ទូច ថាច ទទួលបានចំណាត់ថ្នាក់លេខ១, កីឡាករ ជាលី ឃៀង ទទួលបានលេខ២ និងកីឡាករ គួនផាន់ ដារ៉ា ទទួលបានលេខ៥ ។
គួរបញ្ជាក់ថា នៅថ្ងៃទី១៥ ខែសីហាស្អែកនេះ ព្រឹត្តិការណ៍ប្រណាំងរថយន្ដ-ម៉ូតូ ឆ្លងកាត់ឧបសគ្គជ្រើសរើស ជើងឯកអាស៊ី លើកទី៤នេះ នឹងបញ្ចប់ហើយ ប៉ុន្ដែមុននឹងចប់ក្បួន នឹងចេញដំណើរពីភ្នំពេញ ឆ្ពោះទៅស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ដោយ ត្រូវឆ្លងកាត់ឃុំចំនួន៧ ស្មើនឹង៤៤ភូមិ មុនធ្វើដំណើរប្រណាំងប្រជែង ត្រឡប់មកភ្នំពេញវិញ ដើម្បីប្រារព្ធពិធីបំពាក់ មេដាយ និងប្រគល់ពានរង្វាន់ជ័យលាភី នៅក្នុងបរិវេណមជ្ឈមណ្ឌល កំសាន្ដកោះពេជ្រតែម្ដង ៕