ភ្នំពេញៈ គិតត្រឹមថ្ងៃទី១៣ សីហានេះគឺនៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍រត់ប្រណាំង ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរលើកទី១ នឹងចាប់ផ្ដើមហើយ ដែលត្រូវធ្វើឡើង នៅមុខប្រាសាទអង្គរ ទឹកដីខេត្តសៀមរាប នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ ចុងសប្ដាហ៍នេះ ។
ទន្ទឹមនឹងគ្នានេះដែរ ប្រធានគណៈកម្មការរៀបចំ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង លើកដំបូងនេះបានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតំបន់អង្គរទាំងអស់ ឲ្យចូលរួមគាំទ្រដល់ កីឡាករ-កីឡាការិនី ដែលរត់ជុំវិញប្រាសាទ អង្គរនោះ ដើម្បីលើកទឹកចិត្តដល់អ្នកចូលរួម ក៏ដូចជាបង្កើតបរិយាកាស ឲ្យកាន់តែសប្បាយរីករាយ បន្ថែមទៀតផងដែរ ។
លោក សែម ផល្លា ប្រធានគណៈកម្មការរៀបចំ ព្រឹត្តិការណ៍អន្ដរជាតិនេះ បានថ្លែងឲ្យដឹងថា “ដើម្បីធ្វើឲ្យព្រឹត្តិការណ៍រត់ ប្រណាំងម៉ារ៉ាតុង លើកដំបូងរបស់កម្ពុជា ដែលនឹងធ្វើឡើង នៅខាងមុខប្រាសាទអង្គរ ប្រកបទៅដោយបរិយាកាស សប្បាយរីករាយនោះ ក្នុងនាមខ្ញុំជាគណៈរៀបចំ ការប្រកួត សូមអំពាវនាវ ឲ្យប្រជាជនរស់នៅតាមវង់ ធំនៃប្រាសាទអង្គរ ចេញមកស្វាគមន៍អ្នករត់ផង ជាពិសេសពេលព្រលឹមឡើង សូមឲ្យបងប្អូនឈរអម ផ្លូវអបអរសាទរផង កុំឲ្យវាស្ងាត់ពេក” ។
ជុំវិញការរៀបចំព្រឹត្តិការណ៍ លើកដំបូងនេះលោក សែម ផល្លា បានបន្ដទៀតថា មកដល់ពេលនេះ មានអ្នកចុះឈ្មោះចូល រួមរត់ជាង ២.០០០នាក់ ហើយ ប៉ុន្ដែក្នុងនោះមាន កីឡាករ-កីឡាការិនីជិត ៦០០នាក់ប៉ុណ្ណោះ គឺជាអ្នករត់ប្រណាំងម៉ារ៉ា តុង ដែលមានចម្ងាយ ៤២គីឡូម៉ែត្រ ៕