ភ្នំពេញ៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ កន្លងទៅ នាយកដ្ឋានអប់រំកាយ និង កីឡាបានបើកកិច្ចប្រជុំ គណៈកម្មការ និងតំណាងក្រុមទាំង២៥ ដែលចូលរួម ការប្រកួតកីឡាមហាជនទូទំាងប្រទេសឆ្នាំ២០១៤ នៅមន្ទីរអប់រំយុវជន និងកីឡា ទីរួមខេត្តកំពតដោយមានការចូលរួម ពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា, លោក ស៊ាន ប៊ូរ៉ាត់ មន្រី្តមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងមន្រ្តីក្រមឱវ៉ាតជា ច្រើនរូបទៀត ។
លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និង កីឡា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា សូមឲ្យតំណាងក្រុម ទាំងអស់ត្រូវចូលរួមសហការ ជាមួយគណៈកម្មការ រៀបចំការប្រកួត ដើម្បីជំរុញឲ្យការប្រកួតនេះ ដំណើរការ បានល្អប្រសើរ ។ ការប្រកួតលើកនេះ ជាការប្រកួតកីឡាមហាជន ទូទំាងប្រទេស មិនមែនការប្រកួតតាមភូមិភាគទេ ព្រោះធ្លាប់មានបញ្ហាម្តង ហើយនៅទីរួមខេត្តកំពង់ឆ្នាំង ។
លោកបានបន្តថា គ្រប់គណៈកម្មការទំាងអស់ត្រូវកាត់ក្តី ដោយយុត្តិធម៌នៅលើទីលានប្រកួត មិនត្រូវឲ្យមានបញ្ហាឡើយ ហើយក៏សង្ឈឹម យ៉ាងមុតមាំថា គ្រប់ក្រុមទំាងអស់ដែលចូលរួមការប្រកួតនេះ ត្រូវចេះយោគយល់គ្នាទៅវិញទៅមកលេង ប្រកបដោយសេចក្តីថ្លៃថ្លូរ សមជាកីឡាករ-កីឡាការិនីកម្ពុជា ។
ជាមួយគ្នានោះដែរលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានបញ្ជាក់ថា ការប្រកួតកីឡាមហាជនទូទាំងប្រទេសនេះ គឺជាព្រឹត្តិការណ៍មួយដែល ជួយឲ្យកីឡាករ-កីឡាការិនី មានក្តីសង្ឈឹម និងជួយសាងអនាគតថែមទំាងជា ផ្លូវមួយឆ្ពោះទៅជាកីឡាករ-កីឡាការិនី ជម្រើសជាតិទៀតផង ។ ព្រឹត្តិការណ៍នៃការប្រកួតនេះ គឺជាការសម្រិតសម្រាំង ជ្រើសរើសកីឡាករ-កីឡាការិនី ឆ្នើមសម្រាប់ត្រៀមការប្រកួតកីឡា Sea Game ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕