ភ្នំពេញៈ ក្រុមអត្តពលិកកម្ពុជា ដឹកនាំដោយលោក ញ៉ាន សុខវិសាល នឹងចេញដំណើរឆ្ពោះទៅ ទីក្រុងណានជីង ប្រទេសចិន នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ខាងមុខនេះ ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជន (Youth Olympic Game) លើកទី២ ដោយមានក្រុមអត្តពលិក ចូលរួមមកពី ២០៤ប្រទេសឯណោះ ។
ថ្លែងក្នុងសន្និសីទសាព័ត៌មាន ស្ដីពីដំណើរចូលរួមប្រកួតកីឡា អូឡាំពិកយុវជន លើកទី២ នៅព្រឹកថ្ងៃទី១២ ខែសីហានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៧ ខែសីហានេះ ទើបបញ្ចប់។ ក្នុងនោះកម្ពុជាយើង បានបញ្ចូនអត្តពលិក ៣ប្រភេទកីឡា ទៅចូលរួមផងដែរ ដែលត្រូវចេញដំណើរ នៅថ្ងៃទី១៤ សីហាខាងមុខនេះ ។
អគ្គលេខាធិការរូបនេះ បានបន្ដទៀតថា សម្រាប់ព្រឹត្តិការណ៍លើកទី២នេះ គឺមានអត្តពលិក ចំនួន ៣.៨០៨នាក់ ដែលមកពីបណ្ដាប្រទេស សមាជិកចំនួន ២០៤ប្រទេស ហើយកាលលើកទី១ ធ្វើនៅប្រទេសសិង្ហបុរីនោះ កម្ពុជាក៏ធ្លាប់រកបានមេដាយសំរិទ្ធ ១គ្រឿងផងដែរ ដែលដណ្ដើម ដោយកីឡាការិនីយូដូ សំ សុធា ។
នាយបេសកកម្ម លោក ញ៉ាន សុខវិសាល ថ្លែងឲ្យដឹងថា អត្តពលិកកម្ពុជា ដែលត្រូវចូលរួមប្រកួត កីឡាអូឡាំពិកយុវជនលើកនេះ គឺមានកីឡាការិនីចំបាប់ ឌន ស្រីម៉ៅ, កីឡាករហែលទឹក ចេង សុផា មានលោក ហែម គិរី ជាគ្រូបង្វឹក និងកីឡាការិនីអត្តពលកកម្ម សុខា បញ្ញាវិរិយវត្តី មានលោក ឡាក់ ឡុច ជាគ្រូបង្វឹក ។ ប៉ុន្ដែបើតាម ការស្ទាបស្ទង់សមត្ថភាព និងកម្រិតវិជ្ជាគុន យើងសង្ឃឹមថា ពួកគេអាចនឹងធ្វើបានល្អ ហើយក៏អាចដណ្ដើមលទ្ធផលល្អ ជូនប្រទេសជាតិ ។
លោក សម្បិត តំណាងក្រុមហ៊ុន ស្រាបៀរអង្គរ ដែលជាអ្នកឧបត្ថម្ភ ក្រុមអត្តពលិក និងប្រតិភូចូលរួម ប្រកួតព្រឹត្តិការណ៍មានរយៈ៤ឆ្នាំម្ដងនេះ បានថ្លែងថា លោកពេញចិត្តនឹងការចូលរួម ជួយគាំទ្រកីឡាជាតិ ហើយលោកក៏សូមអំពាវនាវឲ្យយុវជន ខ្មែរទាំងអស់ ចូលរួមលេងកីឡា ឲ្យបានច្រើន ដើម្បីសុខភាពទាំងអស់គ្នា ៕