ប្រភពព័ត៌មានចុងក្រោយបានបញ្ជាក់ថា iPhone 6 នឹងបង្ហាញខ្លួននៅថ្ងៃទី០៩ខែកញ្ញា ឆ្នាំ ២០១៤ ខាងមុខនេះ ប៉ុន្តែលក្ខណៈពិសេស ផ្សេងៗមិនត្រូវ បានបង្ហាញឲ្យដឹងនោះទេ។
នៅពេលនេះ ប្រភពព័ត៌មានថ្មីបានឲ្យដឹងថា iPhone 6 នឹងបំពាក់បន្ទៈឈីប A8 ល្បឿន 2.0 GHz ដែលជួយជំរុញឲ្យ ដំណើរការលឿនជាងមុន ហើយប៊ូតុង Touch ID ក៏ល្អជាងមុនផងដែរ ជាពិសេស បំពាក់នូវឈីបថ្មីដែលអាចឲ្យ iPhone ស្គាល់កាសស្តាប់ Beats។
ប្រភពព័ត៌មានថ្មី បានអះអាងថា iPhone 6 អេក្រង់ 4.7 អ៊ីង នឹងចេញមុខ មកមុន ចំណែក iPhone 6 អេក្រង់ 5.5 អ៊ីង នឹងចេញមក ១ខែក្រោយ ដោយនេះជាយុទ្ធសាស្រ្តថ្មីរបស់ Apple។
តាមការបញ្ជាក់បន្ថែម iPhone 6 នឹងមិនបំពាក់អេក្រង់ ត្បូងកណ្តៀង ដូចព័ត៌មាន ចចាមអារ៉ាមដែល ធ្លាប់លេចឮនោះទេ ផ្ទុយទៅវិញ iPhone 6 ត្រូវបានបំពាក់នូវ កញ្ចក់ការពារឆ្កូតដែលធន់ និងល្អជាងកញ្ចក់ Gorilla Glass។ ព្រមជាមួយគ្នានោះ Apple បានប្រើប្រាស់នូវបន្ទះឈីប MDM9x35 របស់ ក្រុមហ៊ុន Qualcomm សម្រាប់ជា Modem ក្នុងការចាប់យកសេវាទូរស័ព្ទ ហើយ Modem ថ្មីនេះ នឹងអាចប្រើបានជាមួយ បច្ចេកវិទ្យា LTE 4G។
បន្ទៈឈីប NFC ពី ក្រុមហ៊ុន NXP ត្រូវបានគេបញ្ជាក់ថា Apple ប្រើសម្រាប់មុខងារ ទូទាត់សាច់ប្រាក់ ចល័តតាមស្មាតហ្វូន ហើយប៊ូតុង Touch ID ជំនាន់ថ្មី នឹងក្លាយជា ឧបករណ៍ជួយជំរុញ ប្រព័ន្ធសុវត្ថិភាព សម្រាប់មុខងារនេះ។ ក្រុមហ៊ុន Apple កំពុងបង្កើត បច្ចេកវិទ្យាមួយ ដែលអាចឲ្យ iPhone ស្គាល់កាស Beats នៅពេល អ្នកប្រើប្រាស់ ដោតវាចូល តាមរយៈរន្ធ Lightening៕