ភ្នំពេញៈ ស្របពេលប្រទេសកម្ពុជា ទទួលបានសិទ្ធិ ធ្វើម្ចាស់ផ្ទះកីឡា SEA Games លើកទី៣២ នៅឆ្នាំ២០២៣ខាងមុខ ថ្នាក់ដឹកនាំកីឡាកម្ពុជា កំពុងខិតខំប្រឹងប្រែង យ៉ាងខ្លាំងក្នុងការរៀបចំផែនការ និងយុទ្ធសាស្រ្ដផ្សេងៗ ដើម្បីប្រមូលផ្ដុំធនធាន ដែលមានជំនាញ និងសមត្ថភាពច្បាស់លាស់ ត្រៀមធ្វើការប្រកួត ប្រជែងដណ្ដើមជ័យលាភី ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំ តំបន់អាស៊ានមួយនេះ ។
ជាមួយគ្នានោះ គេឃើញមានសហព័ន្ធកីឡា ក្នុងស្រុកមួយចំនួន បានចាប់ផ្ដើមរៀបចំកន្លែង បណ្ដុះបណ្ដាល យុវជនថ្នាល ហើយក៏ធ្វើការហ្វឹកហាត់ជាប្រចាំផងដែរ ដើម្បីស្វែងរកអ្នកមាន ទេពកោសល្យ និងសមត្ថភាពពិតប្រាកដ ទៅចូលរួម ប្រកួតក្នុងព្រឹត្ដិការណ៍ អន្ដរជាតិផ្សេងៗ ជាពិសេស គឺត្រៀមខ្លួនសម្រាប់ SEA Games ឆ្នាំ២០២៣តែម្ដង ។ ប៉ុន្ដែមាន សហព័ន្ធកីឡាខ្មែរមួយចំនួន នោះនៅមិនទាន់មានគោលដៅ និងរៀបចំផែនការច្បាស់លាស់ ក្នុងការប្រកួតមូលផ្ដុំអត្តពលិក ដើម្បីធ្វើការហ្វឹកហាត់នោះទេ ។
ថ្លែងក្នុងពិធីបិទវគ្គសាមគ្គី អូឡាំពិកស្ដីពីគ្រូបង្វឹកកីឡាទ្រីយ៉ាត្លុង កាលពីពេលថ្មីៗនេះ លោក វ៉ាត់ ចំរើន អគ្គលេធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា “សហព័ន្ធកីឡាខ្លះកំពុង ដេកនៅឡើយ មិនទាន់ភ្ញាក់ផងទេ ។ សហព័ន្ធដែលកើតមុន កីឡាទ្រីយ៉ាត្លុង នៅដេកពេញតែហ្នឹង គ្មានសកម្មភាពអីទេ ក្នុងមួយឆ្នាំបើគេឲ្យធ្វើជើងឯកមួយ ធ្វើតែមួយហ្នឹង” ។
ការលើកឡើងបែបនេះ ដោយសារលោក វ៉ាត់ ចំរើន យល់ឃើញថា បច្ចុប្បន្នគ្រប់ប្រភេទកីឡាទាំងអស់ ទាំងកីឡាអូឡាំពិក និងមិនមែនកីឡាអូឡាំពិក គឺត្រូវរៀបចំផែនការ-យុទ្ធសាស្រ្ដ និងទិសដៅ ឲ្យបានត្រឹមត្រូវ ព្រោះធនធាន មនុស្សជាកត្ដាសំខាន់ខ្លាំងណាស់ សម្រាប់ការប្រកួតប្រជែង លើកឆាកជាតិ និងអន្ដរជាតិ ។ ដូច្នេះសហព័ន្ធកីឡាជាតិ ត្រូវធ្វើសកម្មភាពឲ្យបានច្រើន ដើម្បីបង្កើន ភាពរីកចម្រើន ទាំងសមត្ថភាព និងបច្ចេកទេសផងដែរ ។
អគ្គលេខាធិការ NOCC ខាងលើនេះបានសង្កត់ធ្ងន់ថា “កីឡា គឺជាសមរភូមិប្រយុទ្ធ ដូច្នេះយើងត្រូវការ ធនធានមនុស្ស មានជំនាញ ត្រូវការកីឡាករ-កីឡាការិនីដែលមានសមត្ថភាព ដែលមានឆន្ទៈ ជាអ្នកប្រយុទ្ធ ហើយយើងមិនអាចនៅស្ងៀមបានទេ ព្រោះប្រទេសជាតិកាន់តែអភិវឌ្ឍន៍ សេចក្ដីត្រូវការ និងការរីកចម្រើន វាអាស្រ័យទៅលើ សកម្មភាពរបស់ មនុស្សដែលខំធ្វើការ និងខិតខំប្រឹងប្រែង ប៉ុណ្ណោះ” ។
ម្យ៉ាងវិញទៀតការលើកឡើង របស់ថ្នាក់ដឹកនាំកីឡា ដែលជាបុគ្គលលេចធ្លោរ នាពេលបច្ចុប្បន្ននេះ គឺលោកចង់ដាស់ស្មារតី របស់សហព័ន្ធកីឡាមួយចំនួន ដែលកំពុងដេកស្អាត នៅឡើយនោះ ឲ្យក្រោកឡើង សហការគ្នាជាសហព័ន្ធ កីឡាផ្សេងៗ ទៀត ដើម្បីអភិវឌ្ឍន៍កីឡាជាតិកម្ពុជា ឲ្យមានការ រីកចម្រើន ជាពិសេសនោះ គឺនៅពេលដែលសមាគមន៍ កីឡាអាស៊ាន ប្រកាសដកកីឡាករចំបាប់ និងកីឡាវ៉ូវីណាម ចេញពីព្រឹត្តិការណ៍កីឡា SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរី តែម្ដង ដែលធ្វើឲ្យថ្នាក់កីឡាជាតិ កំពុងព្រួយបារម្ភជាខ្លាំង ក្នុងការរក្សាមេដាយមាស ក៏ដូចជាបង្កើន មេដាយមាសនោះ ។ អ្វីដែលសំខាន់ទៀតនោះ គឺការប្រមូលផ្ដុំធនធានមនុស្ស ដែលមានទេពកោសល្យ សមត្ថភាព បច្ចេកទេស និងសីលធម៌ សម្រាប់ប្រកួតនៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡា SEA Games ឆ្នាំ២០២៣តែម្ដង ៕