ភ្នំពេញ៖ ការប្រកួតកីឡាវាយសីមិត្តភាពនគរបាលជាតិលើកទី២ ឆ្នាំ២០១៤ដែលរៀបចំឡើងដោយ សមាគមកីឡា ក្រសួងមហាផ្ទៃ បានបញ្ចប់ ការប្រកួតជាស្ថាពរហើយ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ ដោយក្រុមកីឡាករក្រសួង មហាផ្ទៃ និងនាយកដ្ឋានភ័ស្ដុភារ ដណ្ដើមបាន មេដាយជ័យលាភី ច្រើនជាងគេ ។
លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នេះជាលើកទី២ ហើយដែលសមាគមកីឡា ក្រសួងមហាផ្ទៃ បានរៀបចំការប្រកួត កីឡាវាយសីលក្ខណៈ មិត្តភាពនេះឡើង ក្រោមការផ្ដួចផ្ដើម គំនិតពីលោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីប្រមូលផ្ដុំ កីឡាករនរគបាលជាតិចាស់ៗ មកជួបជុំគ្នាធ្វើការ ប្រកួតមិត្ត ភាព ហើយអ្នកចូលរួមប្រកួត ភាគច្រើនជាមន្ត្រីរាជការ វ័យចាស់ៗ នៅក្នុងក្រសួងមហាផ្ទៃ និងជាប៉ូលិសចូលចិត្តលេង កីឡាវាយសីដើម្បីសុខភាព ។
លោកបន្តថា ព្រឹត្តិការណ៍ថ្នាក់ជាតិនេះ បានធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៣ ខែកក្កដា នៅលើទីលាន២ផ្សេងគ្នា គឺមានទីលាននាយកដ្ឋាន ភ័ស្ដុភារ និងទីលាន ក-៨៥ (គណបក្សប្រជាជន) ដោយមាន កីឡាករវ័យចាស់ចំនួន៣២គូចូលរួមប្រកួត ដែលជា មន្ដ្រីនគរបាលជាតិ មកពីខេត្ត-ក្រុង ដូចជាខេត្តស្ទឹងត្រែង, ស្វាយ រៀង, តាកែវ និងរាជធានីភ្នំពេញ ។
ចំពោះលទ្ធផលចំណាត់ថ្នាក់លើវិញ្ញាសាវាយគូផ្នែកបុរសអាយុចន្លោះ ៤០-៤៩ឆ្នំា លេខ១បានទៅកីឡាករ អួន សុវណ្ណរ៉ា និងកីឡាគង់ សារ៉េត មកពីក្រសួងមហាផ្ទៃ និងលេខ២បានទៅកីឡាករ ផល ភី និងកីឡាករ អេង លាង មកពីអគ្គនាយដ្ឋានគរបាលជាតិ។ វិញ្ញាសាវាយគូបុរស អាយុចន្លោះ ៥០-៥៩ឆ្នំា លេខ១បានទៅកីឡាករ ម៉េង សុខា និងកីឡាករ អែលទី មកពីនាយកដ្ឋានភស្តុភារ និងលេខ២បានទៅកីឡាករ ហែម បូរ៉ា និងកីឡាករ កែវ បូផា មកពីក្រសួងមហាផ្ទៃ។ ចំណែកវិញ្ញាសាវាយគូបុរស អាយុ៦០ឆ្នំាឡើង ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ ចេន ចាន់តុង និងកីឡាករ ពត សាវិន មកពីនាយកដ្ឋានភស្តុភារ និងចំណាត់ថ្នាក់លេខ២បានទៅកីឡាករ មាន សុភា និង កីឡាករ ជា ប៊ុនហេង មកពី ក្រសួងមហាផ្ទៃ ។
គួរបញ្ជាក់ថា សម្រាប់អ្នកដណ្ដើមបានជ័យលាភី គណៈកម្មការរៀបចំការប្រកួត ក៏មានផ្ដល់ជារង្វាន់ អនុស្សាវរីយ៍ រួមមាន សម្ភារៈកីឡាវាយសី និងអមជាមួយនឹងទឹកប្រាក់ លើកទឹកចិត្តដល់អ្នក ដណ្ដើមបានចំណាត់ ថ្នាក់លេខ១ផងដែរ ៕