ក្រុងបាសេឡូណាៈ ក្រុមកំពុងតែឡើងជើងខ្លាំង Atletico Madrid បានឈ្នះពានធំលំដាប់កំពូល របស់ប្រទេស អេស្ប៉ាញ La Liga BBVA រដូវកាលឆ្នាំ២០១៣-២០១៤គម្រប់លើកទី១០ ក្នុងខណៈដែលធ្លាប់រងជើងឯក បាន៨ដង ក្រោយពី ទប់បានលទ្ធផល ១-១ ជាមួយនឹងក្រុមម្ចាស់ផ្ទះការពារតំណែងជើងឯក Barcelona នៅកីឡដ្ឋាន Camp Nou យប់ មិញ ។
ការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅលើទីលានពីមួយប្រកួតចុងក្រោយនៃសប្តាហ៍ទី៣៨ជើងទី២ កីឡាករខ្សែបម្រើ Alexis Shanchez បានជួយឲ្យក្រុមម្ចាស់ផ្ទះនាំមុខមួយគ្រាប់មុននៅនាទី៣៣ មុនពេលដែលកីឡាករ Diego Godin តែឲ្យ At.Madrid តាមបានស្មើវិញនៅនាទី៤៩ ដែលជាគ្រាប់បាល់ជួយឲ្យ At.Madrid ទទួលបាន១ពិន្ទុ បន្ថែម បង្រ្គប់ ៩០ពិន្ទុ នាំមុខ Barcelona ៣ពិន្ទុដាច់ និងឈ្នះពាន La Liga BBVA ជាថ្មីវិញក្រោយពីរង់ចាំ អស់រយៈពេល១៨ឆ្នាំមក នេះគិតត្រឹមឆ្នាំ១៩៩៦ ។
នេះជាពានធំទី១សម្រាប់អ្នកចាត់ការទូទៅលោក Diego Simeone ក្នុងការដឹកនាំក្លឹប Atletico Madrid ដោយបាន ដឹកនាំក្លឹបមួយនេះឡើងជើងខ្លាំង និងបានទម្លាក់ក្រុមជើងខ្លាំង Barcelona និងតោខៀវ Chelsea របស់អង់គ្លេស ចេញ ពីក្របខណ្ឌ UEFA Champions League ពីវគ្គ៨ក្រុម និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយនឹងឡើងទៅជួប ក្រុមរបស់ អេស្ប៉ាញដូចគ្នាគឺស្តេចស Real Madrid នារាត្រីថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤នេះដើម្បីប្រជែង យកពានធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League ជាលើកទី១របស់ក្លឹប បន្ទាប់ពីរងជើងឯកបានតែម្តងគត់រហូត មកទល់នឹងពេលនេះ ។
នៅរដូវកាលនេះ Atletico Madrid លេងត្រូវជើងគ្នាយ៉ាងខ្លាំង រួមជាមួយនឹងខ្សែប្រយុទ្ធ David Villa ដែលទើប ទិញពី Barcelona ដោយបានចាប់ដៃគូជាមួយនឹងខ្សែប្រយុទ្ធជនជាតិប្រេស៊ីល និងសញ្ជាតិអេស្ប៉ាញ Diego Costa បានជួយ ឲ្យក្លឹបមួយនេះឡើងទៅឈរនៅកំពូលតារាងជាថ្មី និងធ្វើឲ្យគូប្រកួតញាក់សាច់គ្រប់គ្នា ពីទម្រង់ដ៏មុតស្រួច និង ខ្សែការ ពារដ៏រឹងមាំដោយអាចធ្វើព្យុះធ្វើភ្លៀងទៅដល់ក្រុម Real Madrid របស់លោក Carlo Ancelotti នៅវគ្គ ផ្តាច់ព្រ័ត្រក្នុង Champions អាទិត្យក្រោយផងដែរ ៕