ក្រុងបាសេឡូណាៈ ១៨ឆ្នាំ មកហើយ ដែលក្រុម Atletico Madrid បានឃ្លាតឆ្ងាយពី ពានលំដាប់កំពូល La Liga BBVA របស់អេស្ប៉ាញ មួយនេះគិត ចាប់តាំងពីឆ្នាំ ១៩៩៦ មក ដោយពាននេះ បានធ្លាក់តែទៅលើដៃ ក្រុមយក្សតែពីរគត់ មានអ្នកមានបុណ្យ FC Barcelona និងស្តេចស Real Madrid គ្មានអ្វីប្លែកសោះ គួរឲ្យធុញ ។
នាម៉ោង ២៣ និង ០០នាទីរាត្រីនេះ (ម៉ោងនៅកម្ពុជា) វាជាការប្រកួតស្លាប់រស់ ចុងក្រោយបង្រ្គប់កិច្ចសប្តាហ៍ទី៣៨ បិទរដូវ កាលឆ្នាំ ២០១៣-២០១៤ នេះ នៅកីឡដ្ឋាន Camp Nou របស់ក្រុមការពារ តំណែងជើងឯក FC Barcelona ទទួល ស្វាគមន៍ក្រុមភ្ញៀវ At.Madrid របស់ លោក Diego Simeone ។ At.Madrid ពិតជាកញ្ជ្រោលចង់ លើកពានមួយនេះណាស់ ក្រោយពីតស៊ូនៅលើ ទីលានជិត ១០ខែមកនេះ និងបានឡើងនៅឈរ នៅកំពូលតារាង La Liga វិញចំពោះ៨ ប្រកួតចុងក្រោយ ដែលនៅសល់ និងបាន បំបាក់គូប្រកួត ជាបន្តបន្ទាប់រួច មកទាំងក្នុង និងក្រៅទឹកដី ។
ការប្តូរពានលើកម្នាក់ម្តង ពោលគឺក្រុមថ្មីវា ក៏ជាចំណុចទាក់ទាញ មួយផងដែរដូចជា Premier League នៅប៉ុន្មានឆ្នាំចុង ក្រោយក្រុម Manchester United យកតែរហូត តែលុះដល់រយៈពេល ៣ឆ្នាំចុងក្រោយនេះ Man City ទើបតែដណ្តើម បាន២ដងវិញ ជាប្រវត្តិសាស្រ្តរបស់ក្លឹប វាស្របទៅតាម អ្នកគាំទ្រផងដែរ ។ យ៉ាងណាមិញកិច្ចខិតខំប្រឹងប្រែង របស់ At.Madrid ប្រហែលជាមិនខកបំណង នោះទេ ព្រោះអី Barcelona ហាក់បីដូចជា ធ្លាក់ជើងបន្តិច នៅចុងរដូវកាលនេះ ហើយក៏ជាក្រុម ដែលលោក Diego Simeone ស្គាល់ទម្រង់លេងយ៉ាងច្បាស់ដែរ ។
មួយវិញទៀត Barcelona លេងមិនឈ្នះ At.Madrid សោះក្នុង៣ប្រកួត ចុងក្រោយនេះ គឺកាលពីជើងទី១នៅកីឡដ្ឋាន Camp Nou លេងបានត្រឹម ០-០ និងក្នុង Champions League ជើងទី១វគ្គ៨ក្រុមនៅ Camp Nou ទៀតលេងបាន ត្រឹមតែ ១-១ និងត្រឡប់ទៅផ្ទះ របស់ At.Madrid វិញបានបរាជ័យ ១-០ ជ្រុះចេញពី Champions League ត្រឹមវគ្គ៨ ក្រុមចុងក្រោយ តែម្តង ។ At.Madrid ធ្លាប់ឈ្នះពានធំ លំដាប់ទី១ ប្រចាំប្រទេស អេស្ប៉ាញ មួយនេះបាន ៩ដង និងរង ជើងឯកបាន៨ដងដែរ ស្របពេលដែល Real Madrid ធ្លាប់ឈ្នះបាន ៣១ដងច្រើនជាងគេ និងរងជើងឯក បាន២១ដង និង Barcelona វិញធ្លាប់ឈ្នះបាន ២២ដង និងរងជើងឯក បាន២៣ដង ។ ពាន Champions League វិញ At.Madrid មិនទាន់ឈ្នះម្តង នៅឡើយទេ ដោយ បានរងជើងឯកតែម្តងគត់ ៕