ភ្នំពេញៈ ការប្រកួតបាល់ទះសិស្សវិទ្យាល័យ ជម្រុះរកជើងខ្លាំងនៅមណ្ឌលខេត្តស្វាយរៀង ដើម្បីឈានទៅដណ្ដើម ពានរង្វាន់ភេសជ្ជៈ Sponsor លើកទី១ បានបញ្ចប់ហើយ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤នេះ ដោយក្រុមវិទ្យាល័យ ហ៊ុន សែន រមាសហែក ជាអ្នកដណ្ដើមបានតំណែងជើងឯក ។
ចំពោះជោគជ័យ ដែលធ្វើឲ្យក្រុមវិទ្យាល័យ ហ៊ុន សែន រមាសហែក ក្លាយជាម្ចាស់ជើងឯកប្រចាំមណ្ឌលខេត្តស្វាយ រៀង គឺបន្ទាប់ពីក្រុមនេះ ប្រកួតឈ្នះក្រុមវិទ្យា ល័យ កំពង់រ៉ោ ក្នុងលទ្ធផលបច្ចេកទេស ៣-២សិត ដោយមានគ្រាប់ បាល់ ២១-២៥, ២៥-១៥, ១២-២៥, ២៥-១៣ និង ១៥-១៣គ្រាប់ ។
លោក សឹម សានត្រាន តំណាងភេសជ្ជៈ Sponsor បានថ្លែងឲ្យដឹងថា មណ្ឌលខេត្តស្វាយរៀងនេះ ជាមណ្ឌលទី៧ ហើយ ដែលត្រូវបានបញ្ចប់ការប្រកួត ក្នុងចំណោមទាំង ៨ខេត្ត-ក្រុង ។ ដូច្នេះពេលនេះ នៅសល់តែមួយមណ្ឌល ទៀតប៉ុណ្ណោះ គឺមណ្ឌលខេត្តព្រះសីហនុ ដែលនឹងត្រូវធ្វើការប្រកួតជម្រុះ នៅថ្ងៃទី១១-១២ ខែឧសភាខាងមុខនេះ ដើម្បីស្វែងរកជើងខ្លាំង ១ក្រុមចុងក្រោយឡើងមកប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ ។
លោកបានបន្ដថា មណ្ឌលខេត្តព្រះសីហនុ គឺមាន៨ក្រុមដូចមណ្ឌលផ្សេងទៀតដែរ គឺមានក្រុមវិទ្យាល័យ ហ៊ុន សែន វាលរិញ, វិទ្យាល័យ ហ៊ុន សែន ព្រៃនប់, វិទ្យាល័យ ស្ទឹងហាវ, វិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង, វិទ្យាល័យ ហ៊ុន សែន មិត្តភាព, វិទ្យាល័យក្រុងព្រះសីហនុ, វិទ្យាល័យសម្ដេចឪ និងក្រុមវិទ្យាល័យកម្មករ ។
គួរបញ្ជាក់ថា ក្រុមជើងខ្លាំងចំនួន៧ ដែលជម្រុះចេញពីមណ្ឌល ៧ខេត្ត-ក្រុង ហើយកំពុងត្រៀមឡើងមកប្រកួតវគ្គ ផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ មានដូចជាក្រុមវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី(មណ្ឌលភ្នំពេញ), ក្រុមវិទ្យាល័យព្រះ សីហនុ(មណ្ឌលកំពង់ចាម), ក្រុមវិទ្យាល័យហ៊ុនសែនសួង (មណ្ឌលត្បូងឃ្មុំ), ក្រុមវិទ្យាល័យ អង្គរ(មណ្ឌលសៀម រាប), ក្រុមវិទ្យាល័យ ហ៊ុន សែនមង្គលបូរី (មណ្ឌលខេត្តបន្ទាយមានជ័យ) និងក្រុមវិទ្យាល័យមុន្នីវង្ស (មណ្ឌលខេត្ត បាត់ដំបង) និងក្រុមវិទ្យាល័យ ហ៊ុន សែន រមាសហែក ដែលទើបដណ្ដើមបានលេខ១ ក្នុងមណ្ឌលខេត្តស្វាយរៀង ខាងលើ ៕