ភ្នំពេញៈ ក្រោយពីក្រុមបាល់ទាត់ភ្នំពេញក្រោន មិនបានប្រកួតអស់មួយលើក ក្នុងព្រឹត្តិការណ៍ Metfone Cambodia League កាលពីសប្ដាហ៍មុន ក្រុមណាហ្គាខប ក៏ដណ្ដើមបានឱកាស ឡើងទៅឈរនៅកំពូលតារាង តាមរយៈការ បំបាក់ក្រុមវេស្ទើន ក្នុងលទ្ធផល ៥-០ ។ ប៉ុន្ដែនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ស្អែកនេះ ភ្នំពេញក្រោន នឹងធ្វើការ ប្រកួតជាមួយក្រុមវេស្ទើនវិញម្ដង ដើម្បីស្វែករក ៣ពិន្ទុបន្ថែម នឹងដណ្ដើមកៅអីកំពូលតារាង បណ្ដុះអាសន្នពីណាហ្គា ខបមកវិញ ។
បើទោះបីជាក្រុមភ្នំពេញក្រោន និងក្រុមវេស្ទើន មិនធ្លាប់ជួបគ្នាក៏ពិតមែន ប៉ុន្ដែសម្រាប់ជំនួបជើងទី១ ក្នុងលីកកំពូល កម្ពុជារដូវកាលថ្មីនេះ អ្នកស្នេហាវិស័យកីឡាជាច្រើន បានធ្វើការទស្សន៍ទាយទុកមុនថា ភ្នំពេញក្រោន ប្រាកដជា ប្រកួតឈ្នះក្នុងជំនួបនេះ ដោយមិនបាច់ចំណាយកម្លាំង ច្រើនឡើយ ។ តែទោះជាយ៉ាងណា ទស្សនក្នុងវិស័យ កីឡាមួយ គេតែងតែនិយាយថា «បាល់មូល» ដូច្នេះភ្នំពេញក្រោន ក៏មែនអាចធ្វេសប្រហែសបានដែរ ។
ដើម្បីដណ្ដើមយកកៅ អីពីក្រុមណាហ្គាខប បាននោះ ជំនួបជាមួយវេស្ទើនស្អែកនេះ ភ្នំពេញក្រោន ត្រូវការស៊ុត បាល់បំប៉ោងសំណាញ់ទីគូប្រកួតរបស់ខ្លួន ចាប់ពី៤គ្រាប់ឡើងទៅទើបបាន ព្រោះក្រុមណាហ្គាខប ប្រកួតបាន ១០លើក ឈ្នះ៧, ចាញ់១ និងស្មើ២ រកបាន ២៣ពិន្ទុ នឹងចំណេញគ្រាប់បាល់បាន ១៧គ្រាប់ ខណៈ ៧ប្រកួត របស់ភ្នំពេញក្រោន ឈ្នះ៦, ចាញ់១ និងស្មើ២ រកបាន ២០ពិន្ទុ ទើបចំណេញគ្រាប់បាល់បាន ១៤គ្រាប់ប៉ុណ្ណោះ ។ចាំមើលថាតើភ្នំពេញក្រោន អាចបំបាក់វេស្ទើន ដើម្បីដណ្ដើមកៅអីពី ក្រុមណាហ្គាខប បានដែរឬក៏យ៉ាងណា ?
ចំណែក ៣ប្រកួតផ្សេងទៀត ដែលត្រូវធ្វើការប្រកួត នៅលើទីលាន ២ផ្សេងគ្នា គឺទីលានពហុកីឡដ្ឋានជាតិ និងទី លានស្ដាតចាស់ ក្នុងនោះមានក្រុមបៀលប្រាយ ជួបជាមួយក្រុម Albirex Niigata PP នៅលើទីលានស្ដាតចាស់ ។ ក្រុមគិរីវង់សុខសែនជ័យ ប្រកួតជាមួយក្រុមត្រាយអាស៊ី និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ប្រកួតជាមួយក្រុមក្រសួងការពារជាតិ នៅលើទីលានពហុកីឡដ្ឋានជាតិ ៕