ភ្នំពេញៈ ឈានចូលដល់សប្ដាហ៍ទី១០ នៃព្រឹត្តិការណ៍ Metfone Cambodian League ទីបំផុតក្រុមណាហ្គាខបបាន សម្រេចបំណងដណ្ដើមយក កៅអីកំពូលតារាងបណ្ដោះអាសន្នអង្គុយតែម្នាក់ឯង បន្ទាប់ពីប្រកួតឈ្នះក្រុមវេស្ទើន ក្នុងលទ្ធផលបច្ចេកទេស ៥-០ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៤ម្សិលមិញនៅលើទីលានពហុកីឡដ្ឋានជាតិ ។
ជាច្រើនសប្ដាហ៍មកហើយដែលក្រុមណាហ្គាខប និងក្រុមភ្នំពេញក្រោនរកបានពិន្ទុស្មើគ្នា និងអង្គុយលើកៅអីកំពូលតា រាងតែមួយ ប៉ុន្ដែឥឡូវមិនអនុញ្ញាតឲ្យ ភ្នំពេញក្រោន អង្គុយជាមួយទៀតឡើយ ក្រោយពីប្រកួតឈ្នះក្រុមវេស្ទើន ។ សម្រាប់៣ពិន្ទុដែលណាហ្គាខប រកបានក្នុងសប្ដាហ៍ទី១០នេះ គឺកីឡាករមិនសូវចំណាយកម្លាំងច្រើនឡើយ ពោលគឺតង់ ទី១ គ្រាន់តែអាជ្ញាកណ្ដាលផ្ដុំកញ្ចែ ចាប់ផ្ដើមលេងបានរយៈ៤នាទីកីឡាករ BARRY ALPHA បានទាត់បាល់បំប៉ោង សំណាញ់ទីក្រុមវេស្ទើនចំនួន២គ្រាប់ភ្លាមៗ ខណៈនៅនាទី៣៣ និងនាទី៣៨ កីឡាករ ទៀប វណ្ណៈ និងមិត្តរួមក្រុម ជួន ជុំ រកបានម្នាក់១គ្រាប់បន្ថែមទៀតធ្វើឲ្យចប់តង់ទី១ ណាហ្គាខប មានពិន្ទុនាំមុខបណ្ដោះអាសន្ន ៤-០ ។
ប៉ុន្ដែតង់ទី២ ក្រុមណាហ្គាខប ហាក់លេងសន្សំកម្លាំងទុកធ្វើសង្គ្រាម លើវាលស្មៅបន្ដទៀតដោយមិនបានធ្វើការវាយ សម្រុក និងដាក់គំនាបទៅលើគូប្រកួតខ្លួនឡើយ គួបផ្សំជាមួយនឹងវេស្ទើន ផ្លាស់ប្ដូរទម្រង់លេងដែរនោះ ។ ណាហ្គាខប មានឱកាសរកគ្រាប់បាល់ បន្ថែមតែ១គ្រាប់ប៉ុណ្ណោះ ដែលធ្វើបានសម្រេចដោយកីឡាករ ទៀប វណ្ណៈ ។ ជ័យជំនះធ្វើឲ្យ ១០ប្រកួតរបស់ណាហ្គាខប ឈ្នះ៧ ចាញ់១ និងស្មើ២ ទទួលបាន២៣ពិន្ទុលើសគេ ខណៈវេស្ទើន ១០ប្រកួតឈ្នះ១ ចាញ់៥ និងស្មើ៤ ទទួលបាន៧ពិន្ទុ ។
ចំណែកក្រុមចម្ការកៅស៊ូបឹងកេត ក៏កំពុងតែធ្វើឲ្យក្រុមណាហ្គាខប បុកពោះផងដែរ បើទោះបីប្រកួតឈ្នះក្រុមវេស្ទើនក៏ដោយ ព្រោះបឹងកេត ក៏ទទួលបានជ័យជំនះលើគូប្រកួតដូចគ្នា គឺប្រកួតឈ្នះក្រុមបៀលប្រាយក្នុងលទ្ធផល ២-០ ។ ជ័យជំនះធ្វើឲ្យ បឹងកេត សងសឹកក្រុមបៀលប្រាយបានសម្រេច ព្រោះបៀលប្រាយធ្លាប់ធ្វើឲ្យបឹងកេត ធ្លាក់ទាំង មិនអស់ចិត្តក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពាន Hun Sen-Cup ឆ្នាំ២០១៤កន្លងមកនេះ ។
កីឡាករដែលជួយឲ្យបឹងកេតទទួលបាន៣ពិន្ទុបន្ថែមនោះគឺកីឡាករ Mohammad ធ្វើសម្រេចនៅនាទីទី១៥ និងកីឡាករ ឃួន ឡាបូរ៉ាវី រកបាននៅនាទី២១ ។ បឹងកេត ប្រកួតបាន១លើកទាំងលើកនេះឈ្នះ៧ និងចាញ់៣ ទើបទទួល បាន២១ពិន្ទុ ឈរនៅលេខរៀងទី២ក្នុងចំណាត់ថ្នាក់តារាងបណ្ដោះអាសន្ន ។ រីឯ១០ប្រកួតរបស់ក្រុមបៀល ប្រាយ ឈ្នះ៤ ចាញ់៤ និងស្មើ២ ទទួលបាន១៤ពិន្ទុ ។
ដោយឡែកចំពោះលទ្ធផលកាលពីថ្ងៃទី០៣ ខែឧសភានេះវិញគឺមានក្រុមគិរីវង់ប្រកួតឈ្នះក្រុម Albirex Niigata PP ក្នុងលទ្ធផល ១-០ ក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លត់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិដោយលទ្ធផល ១-០ដូច គ្នា និងក្រុមត្រាយអាស៊ី ប្រកួតឈ្នះក្រុមក្រសួងការពារជាតិទាំងលំបាក ៣-២ ៕